ភ្នំពេញ ៖ ឯកឧត្តម
ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២១ ខែមករា
ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្ស៊ីប
ប្រចាំសាធារណរដ្ឋកូរ៉េ។
ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុង
ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ
នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ
និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្សុីប
ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ
តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា
ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម បន្តការសិក្សានៅសាកលវិទ្យាល័យ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តម Hazem Ismail Ibrahim Zaki អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។

