បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបងបានបើកសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត។
ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា
អង្គសន្និបាតរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩-២០ មករា ឆ្នាំ២០២៦នេះ
នឹងពិភាក្សាលើប្រធានបទចំនួន៥ រួមមាន ៖ ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ
សង្កាត់មានសុវត្ថិភាព ផ្តោតលើវិស័យសន្តិសុខ /២.ការគ្រប់គ្រងបរិស្ថាន (សំរាម
សំណល់រឹង-រាវ ការដុតសំរាម និងការដុតព្រៃ) និងការបង្កសំឡេងរំខាន, /៣.ការអភិវឌ្ឍន៍មូលដ្ឋាន កែលម្អទីប្រជុំជនក្រុង ស្រុក ឃុំ សង្កាត់,/៤.ការស្តារ និងលើកកម្ពស់ជីវភាពគ្រួសារប្រជាពលរដ្ឋ /៥.
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រធានបទលើបទអន្តរាគមន៍ទាំង៥នេះនឹងឆ្លុះបញ្ចាំងនូវសកម្មភាពការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ដែលត្រូវយកចិត្តទុកដាក់បន្តអនុវត្តក្នុងឆ្នាំ២០២៦ និងស្នើដល់អង្គសន្និបាតទាំងមូលចូលរួមផ្ដល់យោបល់បន្ថែមដើម្បីជាធាតុចូលក្នុងពង្រឹងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៦ប្រកបដោយប្រសិទ្ធភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាពស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ៕
ដោយ ៖ សាលី











