បន្ទាយមានជ័យ ៖ ទណ្ឌិត ចំនួន១១នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលបានប្រព្រឹត្តកែប្រែខ្លួនល្អ ត្រូវបានប្រកាសបន្ទបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៦ ។
ការណ៍នេះ ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦
នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់លោក យូ ពៅ អភិបាលរង
តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ, លោក ហេង ម៉េង
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ,
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការមួយចំនួនទៀតផងដែរ ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានឲ្យដឹងថា
បច្ចុប្បន្នជនជាប់ឃុំក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ សរុបមានចំនួន ២.៨៤៥នាក់
ស្ត្រី ២៦៧នាក់ ក្នុងនោះជនត្រូវចោទមានចំនួន៤៧០
នាក់ ស្រី៤០នាក់, ជនជាប់ចោទមាន ចំនួន៨៩១នាក់ ស្រី១២០នាក់, ពិរុទ្ធជន ចំនួន១.១៨០នាក់ ស្រី៨៥នាក់, ទណ្ឌិតមានចំនួន៣០៤នាក់ ស្រី២២នាក់,
ជនបរទេសមានចំនួន៥៤០នាក់ ស្រី១៣៤នាក់, ជនពិការមានចំនួន១៦នាក់, ចាស់ជរាអាយុ៦០ឆ្នាំឡើងមានចំនួន៤១នាក់
ស្រី៨នាក់ ។
លោកបន្តថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនូវតួនាទីភារកិច្ច
ដូចជាការអប់រំកែប្រែស្តារនីតិសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ការងារកសិកម្ម ការអភិវឌ្ឍន៍ ធនធានមនុស្ស
និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្រៅពីនេះអង្គ
ភាពមានអគារប៉ុស្តិ៍សុខភាព ១ខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់
និងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ ។
លោក ឃូ ពៅ អភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរពអនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់ ៕









