បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន និងវីរនគរបាលការពាព្រំដែនកម្ពុជា-ថៃ ចំនួន៤៥០គ្រួសារ នៅក្រុងបាត់ដំបង។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បានជម្រុញអោយគ្រប់សង្កាត់ទាំងដប់ត្រូវណែនាំប្រជាពលរដ្ឋមិនអោយដុតសំរាម ហើយអធិការក្រុងនិងកងរាវុធហត្ថក្រុង ត្រូវពិនិត្យមើលក្រុមក្លាហានដែលបំពងសំឡេងជិះម៉ូតូស៊ីម៉ាំងប្រេនត្រូវចាប់បញ្ចូលទៅព្រំដែន ឬក៏ដឹកបញ្ចូនអោយទៅមើលជុំវិញគុក ឬទស្សនកិច្ចមួយយប់ ហើយក្រុមផឹកស៊ីនៅតាមសួនក៏ដូចគ្នា ដើម្បីកុំអោយប្រជាពលរដ្ឋមានការភ័យខ្លាចដោយសារពួកគាត់ បន្ថែមពីនេះក៏ត្រូវចុះអប់រំទៅដល់ម្ចាស់អាជីវកម្មចាក់មេក្រូ ឬធុងបាស និងនៅតាមវត្តអារាមកុំអោយបំពងសំឡេងលឺៗខ្លាំងៗរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នយើងគ្រោងនឹងអភិវឌ្ឍន៍ក្រុងបាត់ដំបងយើងក្លាយជាទីក្រុងទាក់ទាញទេសចរណ៍ ហើយចំពោះបញ្ហាផ្លូវដែលកំពុងជួបការលំបាកសូមអោយបងប្អូនប្រជាពលរដ្ឋមានការយោគយល់ដោយសារតែក្រុងបាត់ដំបងយើងទទួលបានគម្រោងធំៗបី ដែលគម្រោងទីមួយធ្វើទីលានចាក់សំរាមស្តង់ដារដែលយើងបានធ្វើរួចហើយនៅក្នុងស្រុកបាណន់ដែលមានទំហំផ្ទៃដីជិត ២០ ហិចតា គម្រោងទីពីរ គឺជាគម្រោងស្ដាប្រព័ន្ធលូរំដោះទឹកកខ្វក់មានទាំងខាងកើតស្ទឹងនិងខាងលិចស្ទឹង និងគម្រោងទីបី គឺជាគម្រោងស្ដាផ្លូវជាច្រើនខ្សែឡើងវិញផងដែរ។






