បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងរួមជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែកសំពៅលូន ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ
បានគូសបញ្ជាក់ប្រាប់ក្រុមការងារ AOTថាកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
(AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី
និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់
និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព
សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក
ហើយប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព ត្រូវការសន្តិភាព
និងចង់បានព្រំដែនមួយដែលមានសុខសុវត្ថិភាព ។
សូមជម្រាបថា អំឡុងសង្រ្គាមឈ្លានពាន របស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា សម្រាប់ភូមិសាស្ត្រខេត្តបាត់ដំបង ទាហានឈ្លានពានថៃបានទម្លាក់គ្រាប់ និងបាញ់ផ្លោងលើស្រុក៣ និងក្រុង១ មាន៨ឃុំ និងសង្កាត់១ ភូមិចំនួន១៧ដែលមានសកម្មភាពចំនួន២៩លើក មានយន្តហោះចម្បាំង T-50 ចំនួន៤គ្រឿង ទម្លាក់គ្រាប់៣លើក ចំនួន៦គ្រាប់ និងប្រើប្រាស់កាំភ្លើងធំធុនធ្ងន់បាញ់ផ្លោងចំនួន២៦លើក ស្មើនឹង ៣៥៤គ្រាប់ នៅភូមិសាស្ត្រស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកបាណន់ ហើយក្នុងការឈ្លានពាននេះ មានប្រជាពលរដ្ឋភៀសសឹកមកក្នុងខេត្ត សរុប ចំនួន ២៦ ៤៩១ គ្រួសារ ស្មើនឹង មនុស្សរាយ ចំនួន ៨៩ ៤៤៧នាក់ ,ស្រីចំនួន ៤៦ ៤១២នាក់ និងកុមារ ចំនួន ២៧ ១៣៤នាក់ ៕
ដោយ ៖ សាលី













