កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៧
ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ
និងឧបករណ៍វេជ្ជសាស្ត្រ ដែលបានបំពាក់នៅក្នុងមន្ទីរពេទ្យបង្អែកចំនួន៣
នៃខេត្តកំពង់ស្ពឺ ដែលរួមមាន មន្ទីរពេទ្យបង្អែកគងពិសី មន្ទីរពេទ្យបង្អែកឧដុង្គ
និងមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។
ការដាក់ឱ្យប្រើប្រាស់នូវគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ
និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលចាំបាច់ ដូចជា ម៉ាស៊ីនថតកាំរស្មីអ៊ិច
ម៉ាស៊ីនអេកូសាស្ត្រ និងឧបករណ៍វិភាគឈាម និងជីវគីមី
ព្រមទាំងពង្រឹងសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ
គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន
ធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាសង្គ្រោះបន្ទាន់ ការវះកាត់
និងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដល់មន្ទីរពេទ្យបង្អែកស្រុកទូទាំងប្រទេស ។
ការពង្រឹងសមត្ថភាពទាំងនេះ នឹងជួយឱ្យមន្ទីរពេទ្យបង្អែកអាចផ្តល់សេវាពិនិត្យ
និងព្យាបាលបានកាន់តែទាន់ពេលវេលា កាត់បន្ថយការតម្រូវឱ្យបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់ខ្ពស់
និងជួយសម្រួលដល់ពេលវេលា
ព្រមទាំងបន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅឆ្ងាយពីលំនៅឋាន។
លោកឧប ហ៊ុន ម៉ានី មានប្រសាសន៍ថា
រាជរដ្ឋាភិបាលគ្រប់អាណត្តិ នៃព្រះរាជាណាចក្រកម្ពុជា
បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងគុណភាពសេវាសុខាភិបាល
ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការកសាងមូលធនមនុស្ស
តាមរយៈការពង្រឹងបន្ថែមការផ្តល់សេវាសុខាភិបាលមូលដ្ឋាន ។មណ្ឌលសុខភាព
និងមន្ទីរពេទ្យបង្អែកស្រុកត្រូវផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង
ត្រូវដាក់ឱ្យមានគ្រូពេទ្យប្រចាំការជារៀងរាល់ថ្ងៃ ព្រមទាំងការបំពាក់សម្ភារបច្ចេកទេសទំនើបៗ
បណ្តុះបណ្តាលធនធានមនុស្ស ការពង្រាយគ្រូពេទ្យ
ក៏ដូចជាការផ្គត់ផ្គង់ឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដើម្បីពង្រឹងសមត្ថភាព
និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពជូនដល់ពលរដ្ឋនៅមូលដ្ឋាន។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ មិនមែនគ្រាន់តែជាការកែលម្អអគារ ឬការបំពាក់សម្ភារបរិក្ខារប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយមន្ទីរពេទ្យបង្អែក ទៅជាសមត្ថភាពជាក់ស្តែងនៅក្នុងការជួយសង្គ្រោះជីវិត ការផ្តល់សេវាថែទាំសុខភាព ការធ្វើរោគវិនិច្ឆ័យបានកាន់តែឆាប់រហ័ស និងត្រឹមត្រូវ ព្រមទាំងពង្រឹងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងការវះកាត់ជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា និងទទួលបានជោគជ័យ៕
ដោយ ៖ មាស សំអូន







