កំពង់ស្ពឺ ៖ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំឱ្យមានការប្រណាំងទូកង អុំប្រណាំងខ្ទះត្នោត នៅក្នុងស្ទឹងព្រែកត្នោតរយៈពេលមួយថ្ងៃគឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំរៀបចំគណកម្មការ លោក ជាម
ច័ន្ទសោភ័ណ
អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា
ឆ្នាំនេះរាជរដ្ឋាភិបាលមិនបានរៀបចំព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែទេ
ដោយទុកឱកាសនេះឱ្យបណ្តាខេត្តនានារៀបចំវិញ។ ដើម្បីធ្វើឱ្យព្រះរាជពិធីមានភាពសប្បាយរីករាយ
និងមហោឡារឹក រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ បានរៀបចំពិធីនេះនៅថ្ងៃទី២៤
ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមាន៦៧ទូកចូលរួមប្រណាំង ប្រណាំងខ្ទះត្នោត ពិព័រណ៍ផលិតផល
ប្រគុំតន្ត្រី សម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពជាច្រើនទៀត
ហើយក្នុងនោះក៏មានការបាញ់កាំជ្រួចអបអរពិធីផងដែរ។
លោក ជាម ច័ន្ទសោភ័ណ
បានលើកឡើងបន្ថែុមដោយសង្កត់ធ្ងន់ថា សម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ
រដ្ឋបាលខេត្ត នឹងរៀបចំឱ្យកាន់តែល្អប្រសើរជាងបណ្តាឆ្នាំមុនៗ
ពិសេសធ្វើឱ្យដំណើរកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ
ទទួលបានអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែក
នូវការតុបតែងលម្អរបស់អាជ្ញាធរនៅតាមទីសាធារណៈ
និងមានទំនុកចិត្តខ្ពស់ចំពោះសុខសុវត្ថិភាពក្រោមការការពារយ៉ាងម៉ឺងម៉ាត់ពីកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ។
ជាងនេះ លោក ជាម ចន្ទ័សោភ័ណ បានបន្ថែមថា
បច្ចុប្បន្នអាជ្ញាធរខេត្ត ក៏ដូចមន្ទីរពាក់ព័ន្ធបាននិងកំពុងពន្លឿនការតុបតែងលំអរភ្លើងពណ៌នៅអមបណ្តោយដងស្ទឹងព្រែកត្នោត
ដើម្បីបង្កើននូវសោភ័ណភាព និងទាក់ទាញអារម្មណ៍ទេសចរណ៍ជាតិ អន្តរជាតិ
ក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ
និងបណ្តែតប្រទីបក្នុងឆ្នាំនេះ ក្នុងនោះលោកក៏រំពឹងថា
នឹងមានអ្នកទស្សនាកម្សាន្តសប្បាយ ដែលមកពីទីជិតទីឆ្ងាយច្រើនលើសលុបជាងបណ្តាឆ្នាំមុនៗ។
ទន្ទឹមនេះអភិបាលខេត្តកំពង់ស្ពឺក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រៀបចំកែលម្អសោភ័ណភាពនៅតាមមន្ទីរអង្គភាពរបស់ខ្លួនឱ្យទទួលបានការចាប់អារម្មណ៍ និងគោលដៅដែលរដ្ឋបាលខេត្តបានប្រគល់ឱ្យ ដោយធ្វើយ៉ាងណាពេលកម្មវិធីមកដល់ ត្រូវរួចរាល់ និងមិនមានការរាំងស្ទះដល់ដំណើរការនៃការអុំទូក អកអំបុក និងសំពះព្រះខែ។ពិនិត្យនិងរៀបចំការទុកដាក់សំណល់(សំរាម)ឱ្យត្រឹមត្រូវ ជៀសវាងការចោលពាសវាលពាសកាលដែលធ្វើឱ្យពិធីត្រូវបាត់បង់សោភ័ណភាពនិងភាពស្រស់បំព្រងនៃពិធី។មួយវិញទៀត ដើម្បីឱ្យពិធីទទួលបានសុខសុវត្ថិភាពនិងភាពសប្បាយរីករាយ កម្លាំងសមត្ថកិច្ចទាំងពីរប្រភេទត្រូវរៀបចំនិងចាត់តាំងកម្លាំងឱ្យបានរួចរាល់នៅតាមគោលដៅកម្សាន្តនានាពិសេសគោលដៅដែលអសន្តិសុខ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយរហូតព្រះរាជពិធីត្រូវបានបញ្ចប់ ៕
ដោយ ៖ ប៊ុត សារុន











