បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី
អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាព
បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រារព្ធ ធ្វើនៅសាលាបឋមសិក្សា រហាត់ទឹក
ស្ថិតក្នុងឃុំរហសត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ពិធីនេះក៏មានកាអញ្ជើញចូលរួមថ្នាក់ដឹកនាំ
មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល សិស្សានុសិស្ស
បានចូលរួមផងដែរ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។
នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឯកឧត្ដម អ៊ុំ រាត្រី
ជំរុញដល់អាណាព្យាបាល មាតាបិតាសិស្ស
ដើម្បីជំរុញឱ្យកូនៗគ្រប់អាយុចូលរៀនបានគ្រប់ៗគ្នា ។ ដោយឯកឧត្ដម បានលើកឡើងថា “ការសិក្សា គឺជាពន្លឺនៃជីវិត
និងជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់អនាគតកូនៗគ្រប់រូប” ហើយការអប់រំ
គឺជាកាដូដ៏មានតម្លៃបំផុត ដែលឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូបអាចផ្តល់ឱ្យកូនៗបាន។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាល ខេត្ត
អំពាវនាវ និងជំរុញយ៉ាងទទូចដល់អាណាព្យាបាល និងកុំទុកឱ្យកូនៗផុតអាយុ ត្រូវនាំកូនៗ
ចៅៗដែលគ្រប់អាយុចូលរៀន ឱ្យបានទៅចុះឈ្មោះ
និងចូលរៀននៅតាមសាលារៀនជិតផ្ទះឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកក្មេងណាម្នាក់ចោល
ឬបោះបង់ចោលការសិក្សានោះឡើយ។ ឯកឧត្ដម បន្តថា ការវិនិយោគលើចំណេះដឹង
ការឱ្យកូនរៀនសូត្រ គឺជាការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ពួកគាត់ ឱ្យផុតពីភាពក្រីក្រ
និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់គ្រួសារ និងសង្គមជាតិ។
ក្រៅពីសិក្សារៀនសូត្រនៅសាលារៀន ឯកឧត្ដម
អ៊ុំ រាត្រី ក៏បានណែនាំបន្ថែមដល់កូនៗសិស្សានុសិស្ស
ត្រូវធ្វើការសិក្សារៀនសូត្របន្ថែម តាមរយៈ ការសិក្សានៅតាមបណ្ណាល័យ
ការសិក្សាបន្ថែមនៅផ្ទះ
ពេលទំនេរពីការសិក្សាត្រូវជួយកិច្ចការងារឪពុកម្តាយមិនត្រូវធ្វើអ្វីដែលគ្មានប្រយោជន៍
ប៉ះពាល់ ដល់ កត្តិយសគ្រួសារ និងសង្គមជាតិឡើយ។
ទន្ទឹមជាមួយគ្នានោះឧត្តមក៏បានអំពាវនាវដល់អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា ត្រូវការបើកបរដោយមានការប្រុងប្រយ័ត្ន ។ពិសេសណែនាំដល់សិស្ស ានុសិស្ស ត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនទៅដល់ សហគមន៍ មិត្តភក្តិ និងក្រុមគ្រួសារ។
ចុងបញ្ចប់នៃកម្មវិធីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត
ក៏បានផ្តល់ប័ណ្ណសរសើរជូនដល់សិស្សពូកែ
និងបានផ្ដល់ជូនបានលិខិតសសើរជូនដល់លោកគ្រូ-អ្នកគ្រូ រួមឧបត្ថម្ភថវិកាមួយចំនួន
ជូនសាលាបឋមសិក្សា រហាត់ទឹកផងដែរ៕














