បាត់ដំបង ៖
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារស្បៀងបន្ទាន់
ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៥០គ្រួសារ
ក្នុងឃុំអូរដំបង២ និងឃុំកំពង់ព្រះ ស្រុកសង្កែ។
មានប្រសាសន៍ក្នុងឱកាសនោះ
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ
និងបានណែនាំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ
ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត
ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស
និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេសប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។
ជាមួយគ្នានោះឯកឧត្តមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងស្តារជីវភាពគ្រួសារឡើងវិញតាមរយៈការបង្កបង្កើនផល
និងប្រកបមុខរបរផ្សេងៗ បន្ទាប់ពីទឹកស្រក
ហើយក៏ថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង
និងក្រុមការងារចុះមូលដ្ឋានដែលបានខិតខំអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងបានទាន់ពេលវេលា
និងសូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ
ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងចៀសឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្ត
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត
និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
(ថតរូប និងផ្ដិតមេដៃ)។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ដោយ ៖ សាលី









