បាត់ដំបង ៖ នាព្រឹកថ្ងៃទី៦ ខែតុលា
ឆ្នាំ២០២៦ ឯកឧត្តម អ៊ុត ក្លឹង
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំវត្តតាមិម និងជាអគ្គនាយករដ្ឋាករទឹកបាត់ដំបង
និងសហការី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណបុប្ផា ហៅវត្តស្លក្រាម
ដោយមានការចូលរួមពីសមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទជាច្រើនកុះករ។
ពិធីកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា
ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការទាំងឡាយ
ជាពិសេសវីរៈកងទ័ពដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងជាការរួមចំណែកថែរក្សា
និងលើកតម្កើងប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ
និងអ្នកចូលរួមបាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ
ដើម្បីចូលរួមធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា និងឧទ្ទិសមហាកុសលជូនដល់បុព្វបុរស
បុព្វការីជន និងញាតិមិត្តដែលបានទទួលមរណភាពផងដែរ។
ការចូលរួមកាន់បិណ្ឌនាពេលនេះក៏បានបង្ហាញពីស្មារតីចូលរួមរបស់ក្រុមការងាររាជរដ្ឋាភិបាលជាមួយអាជ្ញាធរមូលដ្ឋាន
និងប្រជាពលរដ្ឋ ក្នុងការថែរក្សាប្រពៃណីវប្បធម៌ និងសាសនា ព្រមទាំងពង្រឹងសាមគ្គីភាព
និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ៕
ដោយ ៖ សាលី


