បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
សម្រេចផ្អាក រៀបចំពិធីប្រណាំងទូក ង សម្រាប់ខេត្ត ដោយសារបញ្ហាព្រំដែន និងរងគ្រោះដោយសារទឹកជំនន់កើតមានឡើងនៅក្នុងឆ្នាំ២០២៦នេះ។
បើតាមការបញ្ជាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល
នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៤ ខែ ខែតុលា
ឆ្នាំ២០២៦ សាលប្រជុំ(ក) សាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ផងដែរថា
បើទោះបីជាយើងពុំបានរៀបចំពិធីប្រណាំងទូក ង សម្រាប់ខេត្តក៏ដោយ តែពិធី បណ្ដែតប្រទីប
សំពះព្រះខែ និងអកអំបុក នៅតែប្រព្រឹត្តទៅដូចរាល់ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ
នៅដងស្ទឹងសិរីសោភ័ណ ។ ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់បណ្តា មន្ទីរ
អង្គភាព ត្រូវធ្វើការរៀបចំតុបតែងប្រទីបរបស់ខ្លួន ឱ្យបានរួចជាស្រេច
ដើម្បីដាក់បណ្តែតទឹកដងស្ទឹងសិរីសោភ័ណ ចាប់ថ្ងៃទី២៣ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចផ្អាក
ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
អកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅឆ្នាំ២០២៦នេះ។
មូលហេតុនៃការផ្អាក គឺដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់
លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការ
អាទិភាពចំពោះមុខមួយចំនួន។ សម្រាប់រដ្ឋបាលខេត្តក៏បានសម្រេចផ្អាកការរៀបចំពិធីប្រណាំងទូក
ង ដោយសារតែស្ថានភាពនៅក្នុងខេត្តបន្ទាយមានជ័យ រងការឈ្លានពានពីសំណាក់ប្រទេសជិតខាង
និងរងគ្រោះដោយសារទឹកជំនន់ផងដែរ៕






