ពោធិ៍សាត់ ៖ លោក ខូយ រីដា
អភិបាលខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃទី១៣ តុលា ២០២៦ បានដឹកនាំក្រុមការងារជាមួយកងកម្លាំង
អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋជាអ្នកជំងឺពីមន្ទីរពេទ្យទៅរកទីទួលសុវត្ថិភាព
បន្ទាប់ពីទីតាំងមន្ទីរពេទ្យបង្អែកស្រុកក្រគរ
និងទីតាំងដទៃទៀតនៃទីរួមស្រុកក្រគររងការជន់លិចយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង។
ប្រជាពលរដ្ឋជាអ្នកជំងឺទាំងអស់
ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន រួមមាននៅសាលាស្រុកក្រគរ
និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីទទួលបានការស្នាក់នៅ មើលថែទាំ
និងបន្តការព្យាបាលប្រកបដោយសុវត្ថិភាព។
ជាមួយនឹងការចុះផ្ទាល់ជួយប្រជាពលរដ្ឋ និងអ្នកជំងឺនេះ ឯកឧត្តមអភិបាលខេត្តនៅព្រឹកថ្ងៃទី១៤
ខែតុលា ២០២៦នេះ បានបន្តចុះពិនិត្យស្ថានភាពទឹកនៅទីតាំងដទៃទៀតដើម្បីត្រៀមបង្ការជាមុន
និងពិនិត្យជាក់ស្តែងក្នុងការជួយប្រជាពលរដ្ឋពីការលិចលង់។
ឯកឧត្តមក៏បាន
អំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន
ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ
ដោយត្រូវប្រុងប្រយ័ត្នមើលថែទាំកុមារតូចៗ និងមនុស្សចាស់ឱ្យបានល្អ
និងត្រូវប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ។ លើសពីនេះ
បងប្អូនត្រូវប្រកាន់ខ្ជាប់នូវអនាម័យល្អ រក្សាការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត
ដើម្បីការពារ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយទឹកជំនន់
ហើយក្នុងករណីមានអាសន្ន ឬបញ្ហាសុខភាព ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន
ឬទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់។
សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បង្កជាជំនន់ទឹកភ្លៀងជនលិចហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវថ្នល់ ភូមិដ្ឋានមួយចំនួននៅបែកខាងលើ និងប៉ែកខាងក្រោម នៃទីរួមស្រុកក្រគរ
ជាពិសេសក្នុងឃុំក្បាលត្រាច ឃុំអន្លងត្នោត ឃុំកំពង់លួង ដោយគិតមកដល់ត្រឹមព្រឹកថ្ងៃ៑ទី១៤នេះ
ជំនន់ទឹកភ្លៀងបានជនលិចផ្លូវថ្នល់ និងផ្សារនៃស្រុកក្រគរមិនទាន់ស្រកឡើយ ៕













