បាត់ដំបង ៖ ខេត្តបាត់ដំបងមិនត្រឹមជាខេត្តមួយល្បីល្បាញជាខេត្តជង្រុកស្រូវដ៏ធំសម្រាប់កម្ពុជានោះទេក៏ជាខេត្តមួយសម្បូរភោគផលកសិកម្មមាន
ក្រូច ទុរេន ជាពិសេសជាងនោះទៀតជាខេត្តមួយពពេញទៅដោយតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត
និងសម្រាកលម្ហែកាយតាមរយៈ តំបន់ ទេសចរណ៍ចម្រុះ មានទាំងប្រាសាទបុរាណ សំណង់បេតិកភណ្ឌ
តំបន់អេកូទេសចរណ៍ ព្រៃភ្នំ ទឹក ធ្លាក់ និង តំបន់មាត់ទឹកជាដើម ។
តាមរយៈតំបន់ទេសចរណ៍សំបូរបែបនេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះភ្ញៀវទេសចរ
អាចជ្រើសរើសតំបន់មាត់ទឹកនិងគោលដៅទេសចរណ៍ធម្មជាតិនានាក្នុងខេត្តបាត់ដំបង
សម្រាប់ជួបជុំក្រុមគ្រួសារ ពិសាអាហារ បោះតង់រីករាយជាមួយសកម្មភាពកម្សាន្តនេះបាន។
ដើម្បីអោយកាន់តែច្បាស់សូមអញ្ជើញទៅកំសាន្តលេងនៅតំបន់ទេសចរណ៍ទាំងនោះរួមមាន៖
តំបន់ទេសចរណ៍អាងទឹកសេកសក , ភាស ឬទំនប់អាងភាស,
ទំនប់ដូនទ្រី, ទំនប់បាសាក់, ទំនប់កង្ហត, សហគមន៍អេកូទេសចរណ៍ព្រែកទាល់ , ទឹកធ្លាក់ភ្នំ៥៣ ,ទឹកធ្លាក់ភ្នំកំពូល, ទឹកធ្លាក់ចំការស្វាយ, អាងទឹកកំពីងពួយជាអាងទឹកដ៍ធំ និងពេញនិយមសម្រាប់អ្នកចូលចិត្តធម្មជាតិ
ផ្តល់នូវទេសភាពផ្ទៃទឹក ធំល្វឹងល្វើយអមដោយព្រៃភ្នំ និងមើលថ្ងៃលិច។ ក្រៅពីតំបន់ទឹកភ្ញៀវទេសចរណ៍ក៍អាចកំសាន្តលេង
សារមន្ទីរខេត្ត ផ្ទះបុរាណ ប្រាសាទឯកភ្នំ ភ្នំបាណន់(ជិះណូរី )
ភ្នំសំពៅ ទសន្សនាចំលាក់ព្រះពុទ្ធធំៗនៅនឹងជញ្ជឹងភ្នំមើលសត្វប្រជាវ ចំការទំពាំងបាយជូន
ចំការក្រូច និងចំការទុរេននៅស្រុកសំឡូត ។
តំបន់កំសាន្តទាំងអស់សុទ្ធសឹងសមស្របសម្រាប់ដំណើរកម្សាន្តជួបជុំមិត្តភក្តិ
និងក្រុម គ្រួសារ ពិសាអាហារ និងសម្រាកពីការងារប្រចាំថ្ងៃ។
លោក ហម អរុណ
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបាន បញ្ជាក់ថា ខេត្តបាត់ដំបង
មានរមណីដ្ឋាននិងគោលដៅទេសចរណ៍សរុប ចំនួន១១៥ទីតាំង។ ក្នុងចំណោមក្រុងស្រុកដែលមានសក្តានុពលទេសចរណ៍សំខាន់ៗ
មានក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសំឡូត និងស្រុកឯកភ្នំ។ ក្នុងនោះ ស្រុកបាណន់
និងស្រុកសំឡូត ជាតំបន់ដែលមាន ភ្ញៀវ ទេសចរទៅកម្សាន្តច្រើន ។
ជាមួយនិងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងលោកប្រធានមន្ទីរទេសចរណ៍ ក្រុមការងារមន្ទីរ បានចុះតាមគោលដៅសំខាន់ៗនៃរមណីដ្ឋាន ដោយតំបន់ទេសចរណ៍សហការជាមួយអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណា អោយភ្ញៀវទេសចរណ៍កំសាន្តតាមគោលដៅទទួលបានភាពសប្បារីករាយ ៕















