ឯកឧត្តម សុខ លូ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ២ខ្នង និងចែកអំណោយពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារនៅក្រុងបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម សុខ លូ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ២ខ្នង និងចែកអំណោយពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារនៅក្រុងបាត់ដំបង

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារ ស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ការចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងងាយរងគ្រោះចំនួន ៥០គ្រួសារ និងការផ្តល់ជូនផ្ទះថ្មីនាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា និងផ្តល់ជម្រកដ៏កក់ក្តៅ សុវត្ថិភាពឡើងវិញជូនពួកគាត់ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់គ្រួសារទទួលផលទាំងអស់ សូមថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបានទាំងនេះ ឱ្យបានគង់វង្សឋិតឋេរយូរអង្វែងសម្រាប់កូនចៅតទៅមុខទៀត ពិសេសត្រូវយកចិត្តទុកដាក់គិតគូរចំពោះសុខភាព ការរក្សាអនាម័យ និងការសម្អាតបរិស្ថាន ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ។

ជាកិច្ចឆ្លើយតប គ្រួសារទទួលបានផ្ទះថ្មីទាំងពីរ និងប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងអាជ្ញាធរខេត្តបាត់ដំបង ដែលបានគិតគូរ និងជួយសង្គ្រោះពួកគាត់នៅក្នុងគ្រាលំបាកបំផុតនេះ ជាពិសេសទទួលបានផ្ទះថ្មីស្រឡាងដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ ៕















ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post