កំពង់ស្ពឺ ៖ អភិបាលរងខេត្តកំពង់ស្ពឺលោក
តូច ប៉ូលីវ៉ា បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មផលិតមួកសុវត្ថិភាពមួយកន្លែងស្ថិតក្នុងភូមិរការធំ
សង្កាត់រការធំ ក្រុច្បារមន
ក្រោយរកឃើញខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃនេះមិនបានអនុឡោមភាពតាមច្បាប់ស្តង់ដារធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនិងមិនបានបំពេញបែបបទនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ។ការអប់រំ
ណែនាំធ្វើឡើងគ្រាដឹកគណកម្មការចំរុះចុះពិនិត្យខ្សែច្រវាក់ផលិកម្មកែច្នៃមួកសុវត្ថិភាពលើកទី២
ដោយអនុវត្តតាមខ្លឹមសារលិខិត៤៧២ សជណ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
លោក តូច ប៉ូលីវ៉ា បានលើកឡើងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យម្តងរួចមកហើយលើទីតាំងសិប្បកម្មនេះ
បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួនបីភូមិមានភូមិរការធំ
ភូមិត្រពាំងលើកនិងភូមិទួលធ្នង់ថាបានការដុតកំទេចក្រណាត់បង្កក្លិនឆ្ងៀមប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ក្រោយចុះពិនិត្យជាក់ស្តែងដំណាក់កាលទី១
គណកម្មការចំរុះបានរកឃើញភាពមិនប្រក្រតីមួយចំនួនដូចជាការដុតកំទេចក្រណាត់បង្កក្លិនប៉ះពាល់ដល់បរិស្ថាន
ម្ចាស់សហគ្រាស
ពុំទាន់បានបំពេញបែបបទនីតិវិធីច្បាប់គ្រប់តាមគោលការណ៍ច្បាប់កំណត់នៅឡើយ
ដោយទើបតែមានសេចក្តីសម្រេចស្តីពីការបង្កើតសិប្បកម្មនិងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្ម
ចេញដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត
តែប៉ុណ្ណោះ ដោយឡែកមន្ទីរជំនាញពាក់ព័ន្ធផ្សេងៗទៀត
ម្ចាស់សហគ្រាសពុំទាន់បានបំពេញបែបបទស្នើសុំនៅឡើយនោះទេ។មួយវិញទៀត
គណកម្មការចំរុះក៏បានពិនិត្យឃើញដែរថា
សហគ្រាសផលិតមួកសុវត្ថិភាពនេះបាននិងកំពុងប្រមូលទិញកាកសំណល់អេឡិចត្រូនិច
អគ្គិសនីយកមកបំបែកដោយខុសនិងច្បាប់ផងដែរ។
ដោយពិនិត្យឃើញសហគ្រាសនេះនៅទាន់បានបំពេញ
បែបបទនូវលក្ខខណ្ឌស្តង់ដារបច្ចេកទេស
នីតិវិធីច្បាប់ស្របតាមគោលការណ៍ច្បាប់កំណត់ក្នុងការបើកដំណើរការខ្សែច្រវាក់ផលិតកម្ម
អាជ្ញាធរខេត្តកំពង់ស្ពឺបានសម្រេចឱ្យម្ចាស់សហគ្រាសផ្អាកដំណើរការច្រវ៉ាក់ផលិតកម្មបណ្តោះអាសន្ន
ដោយតម្រូវឱ្យម្ចាស់សហគ្រាសចាំបាច់ត្រូវអនុវត្ត ទៅតាមខ្លឹមសារណែនាំកន្លងមក
ត្រូវរៀបចំបែបបទស្នើសុំលិខិតអនុញ្ញាតប្រមូលទិញកាកសំណល់បរិក្ខា អេឡិចត្រូនិច
អគ្គិសនី បំពេញបែបបទនីតិវីធីច្បាប់ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងករណី
ភាគីម្ចាស់សហគ្រាសមិនមានការកែប្រែ
ឬបំពេញបែបបទនីតិវិធីច្បាប់ស្នើសុំបើកដំណើរការខ្សែច្រវាក់ ផលិតកម្ម
ក្រុមការងារនឹងរៀបចំកំណត់ហេតុបិទសៀលជាបណ្តោះអាសន្ន។ក្នុងនោះដែរ
រដ្ឋបាលក្រុងត្រូវចាត់អធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលសង្កាត់
ចុះពិនិត្យលើការគ្រប់គ្រងប្រព័ន្ធអគ្គិសភ័យនិងចាត់ជំនាញការិយាល័យភូមិបាលក្រុងចុះចុចនិយាមកាកំណត់ព្រំដីលើទៅតាំងសហគ្រាសខាងលើឱ្យបានច្បាស់លាស់។ក្នុងនោះ
អាជ្ញាធរខេត្តក៏បានកំណត់ឱសានវាទត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ឱ្យម្ចាស់សហគ្រាសបំពេញបែបបទនិងរៀបចំស្តង់សុវត្ថិភាពឱ្យបានរួចរាល់
ក្នុងករណីពិនិត្យឃើញថានៅមិនទាន់អនុវត្តបានតាមការណែនាំ អាជ្ញាធរសម្រេចបញ្ឈប់ដំណើរការខ្សែច្រវ៉ាក់ផលិតកម្មតែម្តង៕
ដោយ ៖ ប៊ុត សារុន










