សាធារណរដ្ឋកូរ៉េ
៖ ឯកឧត្តម ឃួន ផុនរតនៈ
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី
Lee Hyun-ju អនុប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា លោក Lee Chang-hoon នាយកប្រតិបត្តិនៃក្រុមហ៊ុន Insan Coporation និងលោក
Alex C. Kim ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Blue
Earth Systems នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
តាងនាមសមាគមជនជាតិកូរ៉េនៅកម្ពុជា
លោកស្រី Lee Hyun-Ju បានអញ្ជើញឯកឧត្តមឯកអគ្គរាជទូត ចូលរួមក្នុងកម្មវិធីខួបគម្រប់
៣០ឆ្នាំនៃការបង្កើតសមាគមជនជាតិកូរ៉េនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា
ខាងមុខនេះ។ លោកស្រីបានបញ្ជាក់ថា កម្មវិធីខួបគម្រប់
៣០ឆ្នាំនៃសមាគមជនជាតិកូរ៉េនៅកម្ពុជា
គ្រោងអញ្ជើញមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េ
ព្រមទាំងមានការរៀបចំវេទិកាធុរកិច្ច ដែលនឹងមានវត្តមានក្រុមហ៊ុនកូរ៉េប្រមាណ
៥០ក្រុមហ៊ុនចូលរួមផងដែរ។ លោកស្រីសង្ឃឹមថា កម្មវិធីនេះនឹងអាចក្លាយជាវេទិកាថ្មីមួយ
សម្រាប់វិនិយោគិនកូរ៉េក្នុងការស្វែងរកដៃគូ
និងបង្កើតឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះការអញ្ជើញឯកឧត្តមចូលរួមក្នុងពិធីខួបគម្រប់ ៣០ឆ្នាំនៃការបង្កើតសមាគមជនជាតិកូរ៉េនៅកម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍ថា សមាគមជនជាតិកូរ៉េនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ។ ឯកឧត្តមបានបន្តថា ស្ថានទូតរីករាយក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួលសម្រាប់គ្រប់គម្រោងវិនិយោគដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ៕


