បន្ទាយមានជ័យ
៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
បានបើកប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការបោសសម្អាតនូវករណីក្មេងទំនើងប្រើប្រាស់គ្រឿងញៀន
និងលួច
ឆក់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៣០នាក់សួរនាំបញ្ជូនបន្តទៅអាវុធហត្ថខេត្តតាមនីតិវិធី។
លោកអនុសេនីយ៍ឯក
តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែតបានឱ្យដឹងថា
អនុវត្តនូវបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមទប់ស្កាត់ បង្ការ
និងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់
មានសុវត្ថិភាពឱ្យការតែមានប្រសិទ្ធភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
ដឹកនាំដោយដោយលោកផ្ទាល់បានចុះប្រតិបត្តិការឃាត់ជនសង្ស័យជាជាក្មេងទំនើងនិងប្រើប្រាស់គ្រឿងញៀនបាន៣០នាក់។
តាមការស្ដាប់ចម្លើយរបស់ក្មេងទំនើងទាំងអស់បានឱ្យដឹងថា
ពួកគេកន្លងមក លួច ឆក់ និងប្រើប្រាស់គ្រឿងញឿន
បង្កអអសន្តិសុខក្នុងក្រុងប៉ោយប៉ែតជាប្រចាំ។
ក្រោយស្ដាប់ចម្លើយ ព្រមទាំងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕




