បន្ទាយមានជ័យ ៖
ផ្លូវបេតុងគំរូមួយខ្សែដែលមានទទឹង១០ម៉ែត្រ អមដោយប្រព័ន្ធលូរសងខាងនិងចិញ្ចើមផ្លូវក្រាលការ៉ូឡាសម្រាប់ថ្មើរជើងដើរភ្ជាប់ពីរង្វង់មូលស្រីគ្រប់លក្ខ័
នៃកណាត់ផ្លូវជាតិលេខ៥ឆ្ពោះទៅស្ពានថ្មថ្មី ស្ថិតនៅក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
កំពុងត្រូវបានអាជ្ញាធរក្រុងសម្របសម្រួលជាមួយពលរដ្ឋ រុះរើសំណងដែលប៉ះពាល់ដើម្បីអោយការស្ថាបនាបានលឿនទៅតាមគម្រោង
។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអោយដឹងថា
គម្រោងផ្លូវដែលត្រូវស្ថាបនានេះ គឺជា ផ្លូវបេតុងមានទទឹង១០ម៉ែត្រ បណ្តោយប្រមាណជាង៤០០ម៉ែត្រ
ផ្លូវនេះជាផ្លូវគំរូសម្រាប់ក្រុងសិរីសោភ័ណ ដោយផ្លូវនេះមានប្រព័ន្ធលូសងខាង
មានផ្លូវសម្រាបថ្មើជើងទទឹង១ម៉ែក្រកន្លះ អមសងខាងផ្លូវឆ្ពោះទៅមាត់ស្ទឹង ។
លោកបន្តថា តាមការគ្រោងទុកផ្លូវនេះអាចស្ថាបនារួចនៅខែសីហាខាងមុខ
ដោយសារតែបងប្អូនប្រជាពលរដ្ឋបានចូលរួមសហការជាមួយអាជ្ញាធរ រុះរើសំណងដែលអាជ្ញាធរបានកំណត់ប៉ះពាល់ការស្ថាបនាផ្លូវ
។
ជាមួយនឹងការស្ថាបនាផ្លូវនេះ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវក៏ដូចពលរដ្ឋនៃភូមិបី
និងភូមិព្រៃឬស្សីបានបង្ហាញនូវទឹកមុខញញឹម ប្រកបដោយក្តីរំភើប
និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានស្ថាបនាផ្លូវនេះខណៈក្នុងឧកាសរដូវវស្សានេះ
ជូបការលំបាក ផ្លូវខូចទឹកដកនិងផ្លូវរួមតូច ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំងអស់
បានប្រកាសបង្ហាញការគាំទ្រ និងសូមប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា «ថែរក្សាសមិទ្ធផលផ្លូវ និងលូនេះឱ្យបានគង់វង្សយូរអង្វែង» ដើម្បីជាឧត្តមប្រយោជន៍ដល់ការធ្វើដំណើររបស់កូនចៅជំនាន់ក្រោយៗទៀត ៕




