មណ្ឌលសុខភាពម៉ាឡៃ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងគម្រោង “សាងសង់ភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មណ្ឌលសុខភាពម៉ាឡៃ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងគម្រោង “សាងសង់ភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

បន្ទាយមានជ័យ ៖ មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងភូមិសន្តិភាព ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើរសេវាផ្នែកសុខភាពបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ជាផ្នែកមួយក្នុងចូលរួមលើកកម្ពស់ផ្នែនសុខភាពសាធារណៈជូនដល់ពលរដ្ឋដែលទទួលសេវា។


ពិធីសម្ពោធមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានានេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៦ ។

 

មណ្ឌលសុខភាពនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ព្រំដែន ដោយសារជាកន្លែងផ្តល់សេវាសុខាភិបាលសាធារណៈកម្រិតមូលដ្ឋាន និងជិតបំផុតសម្រាប់ប្រជាពលរដ្ឋ។ មណ្ឌលសុខភាពម៉ាឡៃ គឺជាកន្លែងផ្តល់សេវាថែទាំសុខភាព ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនបាច់ធ្វើដំណើរឆ្ងាយទៅកាន់មន្ទីរពេទ្យខេត្ត ។ មានការពិនិត្យផ្ទៃពោះ និងសម្រាល ផ្តល់សេវាពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ ផ្តល់សេវាផ្សេងៗ ជាពិសេសផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាប តាមរយៈគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល (ដូចជា ប័ណ្ណសមធម៌/ប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស.)។


មណ្ឌលសុខភាពម៉ាឡៃបច្ចុប្បន្ន ទទួលបានពីគម្រោង សាងសង់ភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ដែលគាំទ្រដោយ KOICA សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ មណ្ឌលសុខភាពម៉ាឡៃនេះ ចាប់ផ្ដើមសាងសង់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ចំណាយថវិកាសរុបចំនួន ៩០.០០០ដុល្លារអាមេរិក (គិតតែអគារមណ្ឌលសុខភាព)។ អគារមណ្ឌលសុខភាពមានបណ្ដោយ១៥ម៉ែត្រXទទឹង១៥ម៉ែត្រ មានចំនួន១០បន្ទប់ដំបូលប្រក់ក្បឿង និងមានជម្រៀលសម្រាប់ជនពិការមុខ-ក្រោយ។ ក្រៅពីនោះក៏មានសមិទ្ធផលនានាមួយចំនួនទៀតផងដែរ ដូចជា ៖ អណ្ដូងទឹក និងម៉ូទ័រ ដែលបានចំណាយថវិកាប្រមាណជា ២.៨១៤,៦៣ដុល្លារអាមេរិក, ស្ថានីយ៍ចម្រោះទឹកពិសារ ចំណាយថវិកាប្រមាណជា ៦.៦៥៤ ដុល្លារអាមេរិក, ឡដុតសម្រាម ចំណាយថវិកាប្រមាណជា ៨០៦,៧៥ ដុល្លារអាមេរិក, បន្ទប់ទឹកបណ្ដោយ ៧,៥ម៉ែត្រXទទឹង៥ម៉ែត្រ ស្មើនឹង៣៧,៥ម៉ែត្រការ៉េ ប្រក់ស័ង្កសី មានបន្ទប់ទឹក១, បង្គន់ជនពិការ១ បង្គន់សម្រាប់ស្រ្តី១ បង្គន់បុរស១ កន្ថោរនោមបុរស២ និងកន្លែងលាងដៃចំនួន២ចំណាយថវិកាប្រមាណជា ១០.០០០ដុល្លារអាមេរិក, បំពាក់ស៊ីទែនទឹកចំណុះ១ម៉ឺនលីត្រ១ ចំណាយថវិកាចំនួន ៩០០ ដុល្លារអាមេរិក, សាងសង់កន្លែងលាងដៃខាងមុខមណ្ឌលសុខភាព ចំណាយថវិកាប្រមាណជា ៧៧៨ ដុល្លារអាមេរិក សរុបថវិកាចំណាយចំនួន ១១១.៩៥៣,៣៨ ដុល្លារអាមេរិក។

គួរបញ្ជាក់ថា គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ឬហៅថា គម្រោងភូមិសន្តិភាព  មានរយៈពេលអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ (ចាប់ពីឆ្នាំ ២០២២ ដល់២០២៦) មានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លាអាមេរិក ដែលជាហិរញ្ញប្បទានឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ក្រោមកិច្ចសហការ និងសម្របសម្រួលការអនុវត្តគម្រោងដោយ ក្រសួង អភិវឌ្ឍន៍ជនបទ។ គម្រោង ភូមិសន្តិភាព មានគោលបំណង គាំទ្រការអភិវឌ្ឍ តំបន់អតីតសមរភូមិដែលធ្លាប់ទទួលការញាំញីដោយសង្គ្រាមរ៉ាំរ៉ៃ និងការគំរាមគំហែង ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងប្រែក្លាយតំបន់ទាំងនោះឱ្យទទួលបានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ដើម្បីលើក កម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនរស់នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធជនបទ កសិកម្ម សុខភាព ទឹកស្អាត អនាម័យ និងការពង្រឹងសមត្ថភាពសហគមន៍។ គម្រោង ភូមិសន្តិភាព បាននឹងកំពុងអនុវត្តក្នុងភូមិគោលដៅចំនួន ៣០ភូមិ ឃុំ/សង្កាត់ចំនួន១០ និង ក្រុង/ស្រុកចំនួន៥ ក្នុងខេត្តគោលដៅចំនួន ៣ រួមមាន៖ ខេត្តបាត់ដំបងចំនួន៦ភូមិ,ខេត្តបន្ទាយមានជ័យចំនួន ១២ភូមិ និងខេត្តប៉ៃលិនចំនួន១២ភូមិ៕














Post a Comment (0)
Previous Post Next Post