បាត់ដំបង៖
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តកង្ហត
ស្ថិតក្នុងស្រុកបាណន់
និងទំនប់ស្ទាក់ទឹកមួយចំនួនដើម្បីបន្តអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាព
និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តម
សុខ លូ មានប្រសាសន៍ឱ្យដឹងថា ដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តបាត់ដំបងមានចំនួនប្រមាណ១១ម៉ឺនហិកតា
ហើយរហូតមកដល់ពេលនេះការអន្តរាគមន៍សង្រ្គោះសម្រេចបានជិត៧ម៉ឺនហិកតា
និងកំពុងបន្តសង្រ្គោះបន្ថែមទៀត
ហើយនិងប្ដេជ្ញាបន្តអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវឱ្យអស់លទ្ធភាព
និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង
និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព
និងស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករនៅផ្នែកខាងលើដែលបានទទួលទឹកហើយ
មេត្តាផ្អាកបូមទឹកសិន ដើម្បីបញ្ជូនបន្តទៅផ្នែកខាងក្រោមដែលកំពុងខ្វះទឹក។
ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងពិនិត្យការបែងចែកទឹកសង្រ្គោះស្រូវជាបន្តបន្ទាប់ ៕
ដោយ ៖ សាលី











