មួយយប់កាប់ប្លន់យកម៉ូតូពីករណីផ្សេងគ្នា នៅខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មួយយប់កាប់ប្លន់យកម៉ូតូពីករណីផ្សេងគ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កាប់ប្លន់យកម៉ូតូពីករណីផ្សេងគ្នាក្នុងពេលតែមួយយប់ថ្ងៃទី១៨ ខែកក្កដា ២០២៦ ក្នុងភូមិសាស្រ្កក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលអោយជនរងគ្រោះទាំងពីរករណី ២នាក់រងរបួសស្រាល និងត្រូវក្រុមចោរយកម៉ូតូមួយគ្រឿងបានដោយសុវត្ថិភាព ។

ករណីទី១ បើតាមអាណាព្យាបាលជនរងគ្រោះ នៃអំពើវ៉ៃកាប់ប្លន់យកម៉ូតូបានកើតឡើងនៅវេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី១៨ កក្កដា ២០២៦ លើកំណាត់ផ្លូវជាតិលេខ៥ ប៉ោយប៉ែត-សិរីសោភ័ណ ដែលកំពុងស្ថាបនាថ្មី ស្ថិតនៅត្រង់ចំណុចមុខផ្ទះជនរងគ្រោះឈ្មោះ ហ៊ត គឹមហុង រៀនថ្នាក់ទី១២ ដែលត្រូវប្រឡងនាពេលខាងមុខ ក្នុងភូមិនិមិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវក្រុមចោរប្លន់ជាយុវជនក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពតាមពីក្រោយជនរងគ្រោះ មកដល់ចំណុចជិតមុខផ្ទះជនរងគ្រោះបម្រុងបត់ចូលផ្ទះ ក៏ត្រូវជនសង្ស័យទាំងពីធ្វើសកម្មភាពយកមូកសុវត្ថិភាពវ៉ៃ មកលើជនរងគ្រោះ និងធាក់ផ្តួលម៉ូតូបណ្តាលអោយដួល ហើយក៏ដេញវ៉ៃនិងស្រែកដេញកាប់ធ្វើអោយជនរងគ្រោះភ័យខ្លាច រត់គេចខ្លួនចូលផ្ទះក៏ក្រុមចោលប្លន់លើកម៉ូតូបើកទៅទិសខាងកើតសំដៅទៅក្រុងសិរីសោភ័ណបាត់តែម្តង បើទោះបីភ្លាមនោះអាណាព្យាបាលសិស្សរងគ្រោះ និងអ្នកជិតខាងបានចេញមកមើល និងបានបើកឡានដេញតាមជនសង្ស័យក៏តាមមិនទាន់ បានត្រឹមតែទៅប្តឹងប៉ុស្តិ៍នគរបាលនិមិត្ត អោយជួយស្រាវជ្រាវចាប់ក្រុមចោរយកម៉ូតូវិញ។ ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1AB7147។

ករណីទី២ បើតាមព្រះសង្ឃព្រះនាម ណុប ភីរះ ហៅអ្នកតាភ្នំនៅម៉ោងប្រមាណជា៩យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ៤ ក្បែរសាលាសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីជនមួយក្រុមម៉ូតូ២គ្រឿងគ្នា៤នាក់ បានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពីកូនសិស្សលោកដែលកំពុងបើកបរតែម្នាក់ឯងប៉ុន្តែសំណាងល្អ ក្រុមជនសង្ស័យធ្វើសកម្មភាពមិនបានសម្រេច ដោយជនរងគ្រោះបានបានព្យាយាមបើករត់អោយគេជួយ ដោយគ្រាន់តែរងរបួសស្នាមកូត ឬដាច់រលាត់នៅលើខ្នងដែលជនល្មើសកាប់ពីក្រោយ ។ ក្នុងហេតុការនេះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ចុះមកជួយអន្តរាគមន៍ និងចោមរោមមើលជនរងគ្រោះទាំងក្ដីបារម្ភ ។

បើតាមលោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានអោយដឹងថា ករណីនៅក្រុងសិរីសោភ័ណ មិនមានរបួសស្នាមអ្វីទេហើយម៉ូតូក៏មិនបាត់បងដែរ ។ ខណៈពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានទៅការបង្រ្កាបដូចករណីក្មេងទំនើង៨នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការជុំវិញករណីកាប់ប្លន់ដូចគ្នានេះដែរ ។

  

សូមបញ្ជក់ថា មួយរយៈប៉ុន្មានខែចុងក្រោយនេះ ករណីចោរកម្ម លួចកាប់ប្លន់យកម៉ូតូ លើអ្នកដំណើរកំពុងបើកបរបានកើតឡើងជាញឹកញាប់ ក្នុងមូលដ្ឋានក្រុងទាំង២ របស់ខេត្តបន្ទាយមានជ័យ ដែលមានក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ទោះបីជាសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ក៏ដោយ។បញ្ហាចោរលួច ចោរប្លន់នេះធ្វើអោយប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាអ្នកលេងបណ្ដាញសង្គម បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាពខណៈសន្តិសុខសង្គម និងភូមិឃុំគ្មានសុវត្ថិភាព ហើយបានអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ជួយធ្វើការស្រាវជ្រាវ និងវែកមុខរកក្រុមជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពេលយប់ព្រលប់ ៕






Post a Comment (0)
Previous Post Next Post