បាត់ដំបង ៖ នៅថ្ងៃទី ៦ ខែកក្កដា
ឆ្នាំ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
សហកាជាមួយមន្រ្តីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
បានបើកវគ្គបណ្តុះបណ្តាលស្តីពី«ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម
និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិកនិងអ្នកស្ម័គ្រចិត្ត»
រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី ០៦ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦
ជូនដល់មន្រ្តីប្រតិបត្តិសាខា អនុសាខា
និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សរុប២៥នាក់មកពី១៣ក្រុងស្រុក។
វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងសំខាន់ដើម្បីពង្រឹងសមត្ថភាព
និងការយល់ដឹងបន្ថែមដល់បុគ្គលិក ក៏ដូចជាអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន
យល់ដឹងពីរបៀបបង្ការ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនពីគ្រាប់មីន
និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ក្នុងពេលចុះបំពេញបេសកកម្មមនុស្សធម៌និងបង្កើនចំណេះដឹងដើម្បីយកទៅអប់រំ
និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសតំបន់ដែលប្រឈមនឹងហានិភ័យខ្ពស់។
វគ្គបណ្តះបណ្តាលខាងលើនេះក្រោមការសម្របសម្រួលនិងឧទ្ទេសនាមដោយមន្រ្តីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងក្រុមការងារ ដោយផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖
ការផ្សព្វផ្សាយអំពីចលនាកាកបាទក្រហម យល់ដឹងពីគោលការណ៍គ្រឹះ ទាំង៧របស់ចលនា
ច្បាប់មនុស្សធម៌អន្តរជាតិ ,ក្របខណ្ឌបំពេញការងារដោយសុវត្ថិភាព,ផលប៉ះពាល់នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
និងការសិក្សាពីឥរិយាបថប្រឈមហានិភ័យ,សសរស្តម្ភទាំង ៥
នៃសកម្មភាពមីន (រួមមានអនុសញ្ញាអូតាវ៉ា
និងគ្រាប់បែកចង្កោម)ការសម្គាល់តំបន់គ្រោះថ្នាក់ និងការអនុវត្តឥរិយាបថសុវត្ថិភាព,ជំនាញនិយាយជាសាធារណៈ សម្រាប់គ្រូបង្គោល,ជំនាញសម្របសម្រួល
និងការគ្រប់គ្រងក្រុម,ការអប់រំសុខភាពផ្លូវចិត្ត និងការអនុវត្តន៍ចុះសហគមន៍ជាក់ស្តែងផងដែរ
៕
ដោយ ៖ សាលី










