ភ្នំពេញ
៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន
និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
បានបេីកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី «បញ្ញាសិប្បនិម្មិត (AI)
និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា» រយៈពេលមួយថ្ងៃប្រព្រឹត្តទៅនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០២៦
នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន១៥៣នាក់ មកពី៨២ស្ថាប័ន។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យ និងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន សមត្ថភាពក្នុងការបង្កើតមាតិកា សរសេរអត្ថបទព័ត៌មាន កែសម្រួលខ្លឹមសារ បង្កើតរូបភាព សម្លេង និងវីដេអូខ្លី ដែលជួយឱ្យការផលិតមាតិកាព័ត៌មានកាន់តែសម្បូរបែប និងឆាប់រហ័ស ព្រមទាំងចេះប្រើប្រាស់ (AI) ដើម្បីស្វែងរកទិន្នន័យ វិភាគទិន្នន័យ និងប្រើឧបករណ៍បច្ចេកវិទ្យាដើម្បីសម្គាល់ព័ត៌មានក្លែងក្លាយ (Fake News) ឬរូបភាព/វីដេអូក្លែងបន្លំ (Deepfake) ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមកសាងមូលធនមនុស្សក្នុងវិស័យសារព័ត៌មានឌីជីថល ស្របតាមចក្ខុវិស័យនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ៕
ដោយ ៖
មង្គល




