បាត់ដំបង
៖ ជនសង្ស័យ០៤នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងក្រោយបញ្ចប់ការសាកសួរ
ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចយកម៉ូតូ) នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង
ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ។
ជនសង្ស័យទាំង០៤នាក់ខាងលើ
រួមមាន ៖ ១. ឈ្មោះ វង់ សុជាតិ ហៅ ហ៊ីង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ
មានទីលំនៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង, ២. ឈ្មោះ សេង
សុឈឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ, ៣. ឈ្មោះ ភា សុខឃន ហៅ ទីង ភេទប្រុស អាយុ
២៧ឆ្នាំ, ៤. ឈ្មោះ យ៉ាង គា ហៅ ធី ភេទប្រុស អាយុ ៣៥ឆ្នាំ
ទាំងបីនាក់មានទីលំនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុបាត់ដំបង ។
លោកវរសេនីយ៍ឯក
ឈឿង គឹមសុង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា
កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចយកម៉ូតូ ចំនួន០៦ លើកមកហើយនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង
,ស្រុកបាណន់
និងស្រុកថ្មគោល ហើយលើកចុងក្រោយ នៅក្នុងខែ
មិថុនា ឆ្នាំ ២០២៦ ខ្លួននិងឈ្មោះ ធី បានយកម៉ូតូ
០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ឈ្មោះ រ៉ម សារៀប
ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិរកា
សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
ដែលជនរងគ្រោះទុកចោលនៅលើភ្លឺស្រែដោយមានសោរជាប់នឹងម៉ូតូស្រាប់ ហើយឈ្មោះ ធី
ក៏បានជិះទៅផ្ទះរបស់ខ្លួន ហើយ០២ថ្ងៃក្រោយ
ម៉ូតូនោះខ្លួនបានយកមកទុកនៅផ្ទះម្ដាយរបស់ខ្លួននៅអណ្ដូងព្រីង លុះបានប្រហែល
១០ថ្ងៃក្រោយក៏បានយកទៅលក់បានប្រាក់ ១៥ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យ និងវវត្ថុតាងម៉ូតូ ចំនួន ០៥គ្រឿង , ផ្លាកលេខ ០៥សន្លឹក និងទូរស័ព្ទដៃ ០២គ្រឿង ត្រូវបានការិយាល័យជំនាញធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖
សាលី




