បាត់ដំបង ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា
ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ចាន់ សុធី
នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
បានចាត់អោយមន្ត្រីក្រោមឱវាទចុះឃាត់រថយន្តធុនធំ០១គ្រឿងដែលលួចដឹកទំនិញចូលក្រុងល្មើសទៅនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះ
សមត្ថកិច្ចជំនាញបានធ្វើការឃាត់រថយន្តដឹកទំនិញធុនធំ០១គ្រឿង ដែលមានផ្លាកលេខ
ព្រះសីហនុ 3A-7844 ដែលរថយន្តខាងលើនេះមិនគោរពទៅតាមសេចក្តីជូនដំណឹងដែលមន្ត្រីជំនាញធ្លាប់បានហាម
និងបានដាក់ស្លាកសញ្ញាអោយមើលរួចអស់ហើយ ដែលមានខ្លឹមសារថា ហាមរថយន្តធំ ធុនធ្ងន់ចូលក្រុង
ព្រោះវាធ្វើអោយខូចផ្លូវថ្នល់ និងសណ្តាប់ធ្នាប់។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានបញ្ជាក់ថា រថយន្តធុនធំដែលមន្ត្រីជំនាញធ្វើការឃាត់បាន ត្រូវបញ្ជូនទៅកាន់ការិយាល័យដើម្បីអប់រំនិងផាកពិន័យទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី


