ឯកឧត្តម អ៊ុំ រាត្រី ៖ អតីតយុទ្ធជន និងនិវត្តន៍ជន មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម អ៊ុំ រាត្រី ៖ អតីតយុទ្ធជន និងនិវត្តន៍ជន មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំ

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ក្នុងពិធីខួបលើកទី១៩ ទិវា"អតីតយុទ្ធជន​ និងនិវត្តន៍ជនកម្ពុជា​ ១២ ខែឧសភា​ ឆ្នាំ២០២៦​" បានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជន​ និងនិវត្តន៍ជន​ មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងការទំនុកបម្រុងលើជីវភាពរបស់បងប្អូនអតីតយុទ្ធជន​ និងនិវត្តន៍ជន​ ក៏ដូចជាបានផ្តល់នូវផ្ទះ​ និងដីសម្រាប់ធ្វើកសិកម្មជាដើម។

 

ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត​​ រួមនឹងអស់លោក-លោកស្រី​ អ្នកពាក់ព័ន្ធ​ បងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រមាណជិត៣០០នាក់​ នៅសាលប្រជុំ​ ក​ សាលាខេត្តបន្ទាយមានជ័យ​ ។

 

ឯកឧត្តម​អភិបាលខេត្ត បានមានប្រសាសន៍ទៀតថា​ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ ។​ ដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ទិវា អតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា"អតីតយុទ្ធជនកម្ពុជា"​។ ប៉ុន្តែដោយមានការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលដែលបាន លះបង់ពេលវេលា ចំណេះដឹង និងកម្លាំងកាយចិត្តយ៉ាងមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក៏បានចេញអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយកំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ៕












Post a Comment (0)
Previous Post Next Post