បាត់ដំបង ៖
យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង
២០និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦
នៅចំណុចផ្លូវប្រសព្វខាងមុខសណ្ឋាគារប្រេស៊ីដង់ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ
ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1V-4086
បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកវ៉េវពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច
ក្នុងល្បឿនយ៉ាងលឿន បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយអ្នកបើកបរទាំងពីរនាក់ខាងលើ
រងរបួសធ្ងន់ បែកក្បាល បែកមុខ និងដាច់មេជើងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅ ដឹកបញ្ជូនជនរងគ្រោះទាំង០២នាក់ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី


