បាត់ដំបង ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច
ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ
និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
ដោយប្រើប្រាស់មូលនិធិឃុំភ្នំសំពៅ ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ
បានណែនាំអាជ្ញាធរឃុំ ត្រូវទប់ស្កាត់ការសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ
ចៀសវាងប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវ
ពិសេសប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់
ឬទិញប្រេងឥន្ធនៈស្តុកទុកនៅផ្ទះនោះទេ អាចបង្កហានិភ័យផ្សេងៗ ហើយបច្ចុប្បន្នកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់
ខណៈពេលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេង
ដែលនេះមិនមែនប៉ះពាល់នៅតែកម្ពុជានោះទេ នេះជាបញ្ហាសកល។
ឯកឧត្តម
ក៏បានក្រើនរំលឹកចំពោះបងប្អូនឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈពេលកើនឡើងកម្តៅ
នារដូវក្តៅនេះ និងសូមអំពាវនាវដល់អាជ្ញាធរក្នុងឃុំទាំង៨ នៃស្រុកបាណន់
ត្រូវបន្តអប់រំ ណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាអនាម័យបរិស្ថាន ចៀសវាងការដុតសំរាម
និងដុតជញ្ជ្រាំងជាដើម ដោយរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
និងចូលរួមដាំដើមឈើឱ្យបានច្រើនតាមលំនៅឋានទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមរាយការណ៍ចំពោះករណីគ្រឿងញៀនដែលកើតឡើងតាមមូលដ្ឋាន តាមកម្មវិធីទូរស័ព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ ហើយមានប្រសិទ្ធភាពក្នុងការបង្ក្រាប ៕
ដោយ ៖ សាលី








