ប៉ៃលិន ៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត
បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវ រាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ
ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យមានការរីក ចម្រើនលើ គ្រប់ វិស័យ
ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ
ជាដើម ហើយ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន
បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអ
បន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ
សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បី ឆ្លើយ
តបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព
ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង
ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបាន
កាន់តែច្រើនឡើង
ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់
តែ ប្រសើរឡើង។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ និង គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឱ្យបានជាប្រចាំ ជាពិសេស អាជីវករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។
សូមបញ្ជាក់ថា៖ អាជ្ញាធរខេត្តប៉ៃលិន កំពុងស្ថាបនាបន្ថែម អាគារបណ្ណាល័យ និងរូបបដិមា ព្រះពុទ្ធផ្ចាញ់មាដ៏ធំ ដែលធ្វើអំពីថ្មភ្នំ នៅ ចំណុច ជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងវិស័យព្រះសាសនា ដែលជាសាសនារបស់រដ្ឋ ៕







