បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ ១៥៤
ដោយជួសជុលពង្រីកតួផ្លូវ ក្រាលកម្រាលបេតុង សរសៃដែកប្រវែង ៧៧៥ម៉ែត្រ ទទឹង ១២ម៉ែត្រ
និងការងារស្ថាបនាប្រព័ន្ធលូមូលរំដោះទឹកតាមបណ្តោយផ្លូវសងខាង មុខកាត់ ១ម៉ែត្រ
ប្រវែងសរុប ១ ៧៥៦ម៉ែត្រ, អណ្តូងលូ (រឺហ្គា) ចំនួន ៦២កន្លែង,
អណ្តូងលូរងចំនួន ៦២កន្លែង និងខឿនបេតុងចិញ្ចើមផ្លូវសងខាងប្រវែង ១
៨២០ម៉ែត្រ, គូសគំនូសសញ្ញា ចរាចរណ៍
ព្រមទាំងដាក់ផ្លាកសញ្ញាចរាចរណ៍ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
នាឱកាសនោះដែរ ឯកឧត្តម ព្រួញ រិទ្ធថា
ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តបាត់ដំបង តាងនាមអាជ្ញាធរមូលដ្ឋាន
និងក្នុងនាមកងវិស្វកម្មស្ពានថ្នល់ មានមោទនភាពដ៏ខ្ពង់ខ្ពស់ប្រកបដោយទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែងបំផុតចំពោះវត្តមាន
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម
អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ ១៥៤ នាពេលនេះ
គឺជាការបង្ហាញឱ្យឃើញច្បាស់ថែមទៀតនូវសមានចិត្តគាំទ្រ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយជំរុញលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសជួសជុលផ្លូវ
ក្នុងការស្តារអភិវឌ្ឍន៍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ដែលស្ថិតក្នុងអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក
ភ្លើង និង បច្ចេកវិទ្យា” នៃ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”
របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងកំណើនប្រជាជន និងនគរូបនីយកម្ម
ដើម្បីរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាបន្តបន្ទាប់ថែមទៀត
។
ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត
សូមសំដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ
និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដែលបានលះបង់កម្លាំងកាយចិត្ត
ទាំងប្រាជ្ញាស្មារតី
ដើម្បីការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជាពិសេសការបង្រួបបង្រួមជាតិ សន្តិភាព
ស្ថិរភាពសង្គម ការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
និងក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា
បានបន្តការពារសន្តិភាព ស្ថិរភាពសង្គម និងអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិបន្ថែមទៀត
សំដៅដល់ការសម្រាលទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការបន្តផ្តល់អាទិភាពខ្ពស់លើកិច្ចគាំទ្រដល់ការងារសាងសង់
និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
ដែលជាសរសៃឈាមតភ្ជាប់ទៅគ្រប់ច្រកល្ហកក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសការស្តារ
និងអភិវឌ្ឍន៍ ផ្លូវ ស្ពាន កំពង់ផែ អាកាសយានដ្ឋាន ។ល។
ដែលជាមធ្យោបាយដ៏ប្រសើរថ្លៃថ្លា ជួយប្រជាពលរដ្ឋឱ្យសម្រេច នូវបំណងប្រាថ្នា
និងសេចក្តីសង្ឃឹមសម្រាប់លើកកម្ពស់ជីវភាពប្រចាំថ្ងៃ ។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានជម្រុញអោយមន្ត្រីបច្ចេកទេស ធ្វើយ៉ាងណាអោយមានគុណភាព ដើម្បីប្រើប្រាស់បានយូរអង្វែង និងបានជម្រុញអោយអភិបាលក្រុង អភិបាលរង ក៏ដូចជាមន្ត្រីរាជការពាក់ព័ន្ធនៅក្នុងក្រុង ជាពិសេសលោកចៅសង្កាត់ទាំង ១០ ធ្វើយ៉ាងម៉េចកុំអោយមានសំណង់មិនរៀបរយ សំណង់បណ្តោះអាសន្ននៅលើដីចំណីផ្លូវ និងបន្តចុះរុះរើសំយ៉ាបជាបន្តទៀត ៕
ដោយ ៖ សាលី








