កំពង់ស្ពឺ ៖ អភិបាលរងខេត្តកំពង់ស្ពឺលោក តូច
ប៉ូលីវ៉ា បានដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត មន្ទីរ
អង្គភាពពាក់ព័ន្ធនិងកម្លាំងជំនាញនៃស្នងការដ្ឋាន អាវុធហត្ថ
ចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងជនជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ
ដែលការពិនិត្យបានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនៅតាមបន្ទប់ឃុំឃាំង លោក តូច
ប៉ូលីវ៉ា បានធ្វើការឆែកឆេរ
ត្រួតពិនិត្យកន្ត្រកផ្ទុកសម្លៀកបំពាក់ទាំងអស់របស់ជនជាប់ឃុំ
ដើម្បីរកមើលរបស់ហាមឃាត់ដែលជនជាប់ឃុំលាក់ទុកប្រើប្រាស់។ការណ៍នេះលោកបញ្ជាក់ថា
ដោយនៅតាមពន្ធនាគារនៃខេត្តមួយចំនួនបានបែកធ្លាយមានជនជាប់ឃុំប្រើប្រាស់ទូរស័ព្ទដៃ
លេងហ្វេសប៊ុក ប្រើប្រាស់គ្រឿងញៀននិងផឹកស៊ីជាដើម។មួយវិញទៀត
ការចុះពិនិត្យនេះក៏ដើម្បីពិនិត្យពីស្ថានភាពរស់នៅរបស់បងប្អូនជាប់ឃុំដែលកំពុងមានសភាពណែនណាន់តាន់តាប់ផងដែរ។
ជាមួយនិងការលើកឡើងនេះដែរ អភិបាលរងខេត្តកំពង់ស្ពឺ លោក
តូច ប៉ូលីវ៉ា ក៏បានណែនាំដល់ថ្នាក់ដឹកនាំ
និងមន្ត្រីពន្ធនាគារខេត្តទាំងអស់មិនត្រូវប្រព្រឹត្តបទល្មើស
ផ្តល់ទូរស័ព្ទឱ្យជនជាប់ឃុំប្រើប្រាស់ឬប្រព្រឹត្តបទល្មើសជាថ្នូរនិងផលប្រយោជន៍ឡើយ
ក្នុងករណីរកឃើញថាមានជាប់ពាក់ព័ន្ធ ច្បាប់មិនលើកលែងឱ្យឡើយ។ចំពោះមុខ
ដើម្បីឱ្យការគ្រប់គ្រងទទួលបានប្រសិទ្ធិនិងជៀសផុតពីបញ្ហាប្រឈមនានា
ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទត្រូវបន្តតាមដានត្រួតពិនិត្យពីស្ថានភាព
នៃការគ្រប់គ្រង និងការរស់នៅរបស់អ្នកទោសឱ្យមានសណ្ដាប់ធ្នាប់ល្អ
បញ្ចៀសការកើតមានបាតុភាពខុសប្រក្រតីណាមួយ។បន្តខិតខំធ្វើការតម្កល់ផលប្រយោជន៍អង្គភាពនិងសន្តិសុខសាធារណៈជាធំ
ហើយត្រូវមានម្ចាស់ការគ្រប់គ្រងអគាររបស់ខ្លួនឱ្យបានល្អ
កុំឱ្យមានបាតុភាព
ឬបទល្មើសណាមួយកើតឡើង។ជាងនេះត្រូវរឹតបន្តឹងចំពោះអ្នកដែលចេញចូលសួរសុខទុក្ខជនជាប់ឃុំ
ពិនិត្យនិងឆែកឆេររាល់បញ្ញើរបស់ក្រុមគ្រួសារដែលនាំចូលមកក្នុងពន្ធនាគារធ្វើយ៉ាងធានាឱ្យបានថាមិនមានរបស់ហាមឃាត់ដែលអាចនាំចូលឬប្រគល់ដល់ដៃជនជាប់ឃុំឡើយ។បន្តរៀបចំសណ្តាប់ធ្នាប់
អនាម័យ បរិស្ថាន ដើម្បីផាសុកភាពអ្នកជាប់ឃុំ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺបានឱ្យដឹងថា បច្ចុប្បន្នកំណើនជនជាប់ឃុំមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦មានជនជាប់ឃុំចំនួន៣១០០នាក់ ស្ត្រី១៩៤នាក់ ក្មេងតាមម្តាយ៧នាក់ ស្រី៤នាក់។ជុំវិញកំណើននៃជនជាប់ឃុំនេះ ភាគច្រើនគឺបទល្មើសគ្រឿងញៀន ក្មេងទំនើង ដែលមានរហូតដល់ជាង២០០០នាក់លើចំនួនសរុបនៃជនជាប់ឃុំ ៕
ដោយ ៖ ប៊ុត សារុន








