បាត់ដំបង ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ម្សិលមិញ
ក្រុមការងារអធិការកិច្ចនៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ដឹកនាំដោយឯកឧត្ដមបណ្ឌិត
នួន សាន និងមានការចូលរួមពីឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះធ្វើការអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ឯកឧត្ដមបណ្ឌិត នួន សាន បានមានប្រសាសន៍ថា
ការចុះធ្វើអធិការកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងនាពេលនេះគឺអនុវត្តតាមច្បាប់កំណត់
មានគោលបំណងដើម្បីពិនិត្យតាមដាន ពន្យល់អំពីនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌
ពង្រឹងកិច្ចការងារអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ការពន្លឿនចំណាត់ការគ្រប់សំណុំរឿង
ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និង
មន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបង , ស្វែងយល់ពីរបាយការណ៍លទ្ធផលការងារដែលសម្រេចបាននិងបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក
, ពង្រឹងការអនុវត្តគ្រប់ដីកា
និងពង្រឹងការអនុវត្តសេចក្ដីសម្រេចរបស់តុលាការ , ពង្រឹងការបញ្ជូនលិខិតជូនដំណឹងអំពីសាលដីកាកំបាំងមុខ
, ណែនាំនិងពន្យល់អំពីអាជ្ញាយុកាលនៃបទល្មើស
និងអាជ្ញាយុកាលទោស , ណែនាំអំពីនីតិវិធីដើម្បីទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌
និងការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ , ផ្សព្វផ្សាយអំពីការបង្កើតក្រុមតេលេក្រាមដើម្បីធ្វើការទំនាក់ទំនងអំពីកិច្ចការបញ្ជូន
រវាងសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ជាមួយនឹងស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះដែរឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចូលរួមឆ្លើយសំណួរ និងណែនាំពាក់ព័ន្ធនឹងការអនុវត្តនិងការបញ្ជូនដីការបស់តុលាការ , អាជ្ញាយុកាលនៃបទល្មើស, អាជ្ញាយុកាលនៃទោស , ឋានៈរបស់បុគ្គលនៅដំណាក់កាលនីតិវិធីនីមួយៗ, ឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ ក្នុងការអនុវត្តជាក់ស្ដែងដែលបានជួបប្រទះ ៕
ដោយ ៖ សាលី







