ពលរដ្ឋរងគ្រោះពីជម្លោះព្រំដែនកម្ពុជាថៃ ១៩៧គ្រួសារ ទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពលរដ្ឋរងគ្រោះពីជម្លោះព្រំដែនកម្ពុជាថៃ ១៩៧គ្រួសារ ទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋរងគ្រោះខូចខាតផ្ទះសម្បែងដោយសារជម្លោះព្រំដែន​ ដែលយោធាថៃបានបំផ្លិចបំផ្លាញ  ចំនួន១៩៧គ្រួសារ ស្ថិតនៅក្នុងស្រុកថ្មពួក បាន​ទទួលអំណោយមនុស្សធម៌​ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​២០២៦​ ។

 

ឯកឧត្តម​ អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងបានចូលរួមសោកស្ដាយ ក្នុងការបាត់បង់ផ្ទះសម្បែងរបស់បងប្អូន ដែលត្រូវរងការខូចខាត​ ដោយសារពួកចោរសៀមឈ្លានពានបូរណភាពទឹកដី ដោយមានការរាយបន្លាលួស​ ដាក់ទូកុងតឺន័រ​ ហ៊ុមព័ទ្ធយកដី​ របស់បងប្អូន ធ្វើឲ្យមានភាពលំបាក ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់​ ចំពោះការស្នាក់នៅបណ្តោះអាសន្ននៅក្នុងជំរុំសុវត្ថិភាព​ ថែមទាំងបានធ្វើការសាងសង់ផ្ទះជូនបងប្អូនបានស្នាក់នៅសមរម្យជាបណ្តើរៗ ។

 

ជាមួយគ្នានេះដែរ ឯកឧត្ដមបានមានប្រសាសន៍ថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរៈកងទ័ព​ ដែលបានពលី​ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី​ អធិបតេយ្យជាតិ​ ពីការរំលោភបំពានរបស់យោធាថៃ​ និងសូមគោរពអរគុណជាអនេកចំពោះវរៈកងទ័ពជួរមុខទាំងអស់ ដែលបាននិងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំ និងសូមបួងសួងសុំឲ្យកងទ័ពទាំងអស់​ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ​ និងទទួលបានជ័យជម្នះ​ ឈ្នះអស់មារសត្រូវ ។

 

គួរបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន ក្នុង​១គ្រួសារ ទទួលបានអង្ករ ២៥​គីឡូក្រាម, មីខ្លាឃ្មុំ ២៥កញ្ចប់,​ ទឹកត្រីមួយយួរ,​ ទឹកស៊ីអ៊ីវមួយយួរ​ និងថវិកាមួយចំនួន ៕











Post a Comment (0)
Previous Post Next Post