បាត់ដំបង ៖ អាជ្ញាធរនៃរដ្ឋបាលស្រុកសង្កែ ដែលមានលោក
នាង ច័ន្ទថារ៉ា ជាអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន
បានចុះពិនិត្យទីតាំងចាក់ដីរំលោភលើចំណីស្ទឹងសង្កែមួយកន្លែងនៅចំណុចភូមិកំពង់ពិល
ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយតម្រូវអោយម្ចាស់កាយចេញវិញផងដែរ។
ក្នុងដំណើរចុះពិនិត្យទីតាំងចាក់ដីរំលោភលើចំណីស្ទឹងសង្កែ
នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះដែរ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ
បានបញ្ជាក់ថា ក្រោយពីចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងខាងលើនេះបានចាក់ដីរំលោភចូលចំណីស្ទឹងរហូត១០ម៉ែត្រ
បន្ទាប់មកក្រុមការងារបានឯកភាពគ្នាថា
អ្វីដែលគាត់ចាក់លើស១០ម៉ែត្រនេះអោយគាត់កាយចេញនិងធ្វើជើងតេឡើងវិញ
ហើយអាចម៍ដីដែលកាយមកត្រូវយកទៅចាក់លុបបំពេញនៅទីតាំងជ្រាំងបាក់ធម្មជាតិក្បែរនោះ។
លោកបានបញ្ជាក់ថា បើតាមការស៊ើបសួរទីតាំងខាងលើនេះ គឺម្ចាស់ចាក់ដើម្បីទុកចតឡាននៅពេលមានកម្មវិធីជួបជុំបងប្អូនពេលរដូវបុណ្យទាន ហើយជាគោលការណ៍បន្ទាប់ រដ្ឋបាលស្រុកទប់ស្កាត់មិនអនុញ្ញាតអោយមានការសាងសង់សំណង់រឹងមាំនៅទីតាំងនេះទេ ជាមួយគ្នានេះលោកក៏បានអំពាវនាវ និងទទូចសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាម្ចាស់ទីតាំងខាងលើដែលបានរស់នៅលើចំណីស្ទឹង សូមកុំអោយរំលោភយកចំណីស្ទឹង យើងត្រូវចូលរួមការពារទាំងអស់គ្នា ព្រោះចំណីស្ទឹងគឺមិនអនុញ្ញាតអោយសាងសង់សំណង់រឹងមាំនោះទេ ៕
ដោយ ៖ សាលី


.jpg)

