កំពង់ស្ពឺ ៖ កម្មករ កម្មការិនី
ប្រមាណជិតមួយពាន់នាក់ដែលបាននិងកំពុងបម្រើការងារនៅអាគារឡាញដេរ នៅព្រឹកថ្ងៃទី២៤
ខែមីនា ឆ្នាំ២០២៦ បានធ្វើពហិការបិទកំណាត់ផ្លូវជាតិលេខ៤១
ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ដើម្បីសុំឱ្យអាជ្ញាធរ
មន្ទីរជំនាញមានវិធានការលើស្ត្រីជាជនជាតិចិនម្នាក់ដោយបណ្តេញចេញពីការងាររោងចក្រស្មាតសាយ។
ស្ត្រីម្នាក់ដែលជាមេការឡាញកាត់ដេរនៃរោងចក្រស្មាតសាយបាននិយាយថា
នៅក្នុងអាគារឡាញកាត់ដេរមានកម្មករ កម្មការិនីប្រមាណជាង៥០០នាក់
មានការមិនពេញចិត្តនិងស្ត្រីជនជាតិចិនម្នាក់ឈ្មោះ អាចេ ម៉ី មានតួនាទីក្តាប់រួមដែលបានប្រើប្រាស់តួនាទីគាបសង្កត់លើកម្មករ
និងបណ្តេញកម្មករនិងស៊ុបជាច្រើននាក់ចេញពីរោងចក្រដោយមិនមានកំហុស។
ស្ត្រីរូបនេះបន្តថា
កម្មករទាំងអស់ដែលបានបិទផ្លូវជាតិលេខ៤១នេះ ប្រកាន់ជំហរមិនរំសាយឬចូលធ្វើការវិញទេ
ប្រសិនបើអាជ្ញាធរ ឬក្រសួងការងារមិនមានចំណាត់ការលើស្ត្រីជនជាតិចិនរូបនេះ
ដោយបន្តបិទផ្លូវរហូតមានការដោះស្រាយជាថ្មី។
សូមបញ្ជាក់ថា គិតមកទល់ម៉ោងចេញផ្សាយនេះ មន្ត្រីក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈ អាជ្ញាធរ និងតំណាងកម្មករបាននិងកំពុងពិភាក្សារកច្រកចេញនៅឡើយ គ្រាដែលកម្មករក៏បាននិងកំពុងកកកុញលើផ្លូវ ហើយការចរាចរណ៍របស់យានន្តគ្រប់ប្រភេទនៅលើផ្លូវនេះក៏កំពុងជាប់គាំងយ៉ាងច្រើនទៅមុខមិនរួច៕
ដោយ ៖ មាស សំអូន




