បាត់ដំបង ៖ បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀតចាក់ជាច្រើនកន្រ្តៃបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មក្រោយមានជម្លោះពាក្យសម្តីគ្នាក្នុងវង់លេងល្បែងស៊ីសង(បៀ)មួយកន្លែងកាលពីវេលាម៉ោង
១១និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចក្នុងស្ថានីយ៍រថភ្លើង
ស្ថិតក្នុងក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា
ករណីឃាតកម្មដ៏គួរអោយភ្ញាក់ផ្អើលខាងលើនេះ ដំបូងឡើយគេឃើញជនសង្ស័យ និងជនរងគ្រោះ
ព្រមទាំងមនុស្សពីរបីនាក់ផ្សេងទៀតបាននាំគ្នាអង្គុយលេងបៀនៅក្រោមដើមឈើមួយកន្លែងនៅទីតាំងកើតហេតុខាងលើ
លុះក្រោយមកក៏មានការឈ្លោះប្រកែកពាក្យសម្តី និងបានប្រើហឹង្សាដាក់គ្នាទៅវិញទៅមក
រហូតបុរសម្នាក់ឈានដល់យកកន្ត្រៃកាត់សក់ចាក់ទៅលើបុរសម្នាក់ទៀតជាច្រើនកន្ត្រៃបណ្តាលអោយស្លាប់តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រឿន មករា
ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចកើតហេតុខាងលើ
បានធ្វើសកម្មភាពដោយយកកន្រ្តៃចាក់ទៅលើជនរងគ្រោះឈ្មោះ ឆើត ភេទប្រុស
អាយុប្រហែល៤០ឆ្នាំ
(ជាជនអាណាថា)ជាច្រើនកន្រ្តៃបណ្តាលអោយត្រូវពេញរាងកាយស្លាប់យ៉ាងអាណោចអាធ័មរួចជនសង្ស័យព្យាយាមរត់គេចខ្លួនតែត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួន
ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី



