បន្ទាយមានជ័យ ៖ " ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព " ជាប្រធានបទនៃវេទិកាតុមូល ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយប្រារព្ធ ធ្វើឡើងនៅវត្ត ចន្ទស៊ី សាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ។
មានប្រសាសន៍
បើកវេទិការខាងលើ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ថា
ក្នុងសង្គ្រាមដែលយោធាថៃបើកការឈ្លានពានជាលេីកទី២ រំលោភដែនអធិបតេយ្យភាពកម្ពុជា
យោងាធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងបំផ្លាញវត្តអារាមមួយចំនួន
ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ
ត្រូវបានបំផ្លាញព្រមទាំងបានបន្សល់ទុកនូវគា្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន
បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា
និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។
ក្នុងនោះលោកក៏បានថ្លែងអំណរគុណចំពោះការចូលរួមទាំងប្រាជ្ញា
ស្មារតី និងកម្លាំងកាយចិត្ត របស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហម
អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់នាពេលកន្លងមក និងអំពាវនាវឱ្យការចូលរួម
និងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាកបាទក្រហមកម្ពុជា
កាន់តែមានសក្តានុពលពេញលេញ ក្នុងបេសកកម្មជួយដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ
កាន់តែប្រសើរឡើងថែមទៀត
ជាពិសេសជម្រុញដល់ក្មួយៗសិស្សានុសិស្សត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
សូមបញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ កុម្ភៈ គឺជាទិវាប្រចាំឆ្នាំដែលកម្ពុជាប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បានរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ “ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម” ៕















