បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្តនៅវេលាម៉ោង
០៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦
នៅត្រង់ចំណុចមុខសណ្ឋាគារហ្វែររេស ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាកកាំមារី
ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2X-0287
បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ទិសដៅពីលិចទៅកើត
លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ចំណែកម៉ូតូម៉ាក EXCITER ពណ៌ខ្មៅ
(គ្មានផ្លាកលេខ) បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនស្ថិតក្នុងស្ថានភាពស្រវឹងស្រា
ក្នុងទិសដៅពីកើតទៅលិចក៏បានជ្រុលទៅបុករថយន្តបណ្តាលអោយស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី



