បន្ទាយមានជ័យ ៖ យុវជនដែលយោធាថៃ ឃាត់ខ្លួនពេលចូលទៅលំនៅដ្ឋានរបស់ខ្លួននៅតំនប់បឹងត្រកួន
បានថ្លែងអំណរគុណទៅដល់អាជ្ញាធរឃុំ ស្រុក
ខេត្តដែលបានខ្នះខ្នែងជួយសម្របសម្រួលឲ្យខ្លួនចេញមកកម្ពុជាវិញ តាមរយៈយោធាថៃបញ្ជូនមកកាលពីថ្ងៃទីរសៀលថ្ងៃទី១៤
ខែមករា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា យុវជនខាងលើមានឈ្មោះ ផល ប៉ោង ភេទប្រុស
អាយុ ២៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ត្រូវបានយោធាថៃឃាត់ខ្លួនកាលពីថ្ងៃទី១៣ មករា ២០២៦ ខណពេលដែលខ្លួនបានលូនឆ្លងបន្លាលួសចូលទៅលំនៅដ្ឋានរបស់ខ្លួន
ដើម្បីយកសៀវភៅគ្រួសារ ប៉ាស្ព័រ របស់ខ្លួន និងបងប្អូនដោយការសុំយោធាថៃ
តែត្រូវបានយោធាថៃឃាត់ខ្លួនតែម្តង ។
ក្រោយកិច្ចអន្តរាគមន៍របស់អាជ្ញាធរឃុំគោករមៀត ស្រុកថ្មពួក អភិបាលខេត្តបន្ទាយមានជ័យ តាមរយៈមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំនៅច្រកតំបន់បឹងត្រកួន យោធាថៃបានដោះលែងនិងបញ្ជូនយុវជនខាងលើមកកម្ពុជាវិញតាមរយៈច្រកបណ្តោះអាសន្នប្រាសាទត្បែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

