បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល
នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី
បានអញ្ជើញចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា
ជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ក្នុងឃុំវត្តតាមិម និងឃុំរកា ស្រុកសង្កែ
ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនូវការបង្កបង្កើនផល
និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាព្រឹកថ្ងៃទី២
ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា
ការផ្តល់ស្រូវពូជជូនដល់ប្រជាកសិករនាពេលនេះ គឺជាការយកចិត្តទុកដាក់
និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលការលំបាក
និងផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករអាចចាប់ផ្តើមស្តារការបង្កបង្កើនផលឡើងវិញ
បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
ជាមួយគ្នានេះ
ឯកឧត្តមបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តជំរុញការចែកចាយស្រូវពូជឱ្យបានឆាប់រហ័ស
និងទាន់ពេលវេលា
ដើម្បីឱ្យប្រជាកសិករបានប្រើប្រាស់ស្រូវពូជសម្រាប់ការដាំដុះទាន់ពេលវេលាតាមរដូវកាល ព្រោះកន្លងមក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ស្រូវពូជជូនប្រជាកសិករចំនួន
១០.៧០០គ្រួសាររួចមកហើយ ហើយនៅថ្ងៃនេះ រដ្ឋបាលខេត្ត
និងក្រុមការងារពាក់ព័ន្ធបានបន្តចែកជូនប្រជាកសិករចំនួន ៣៥៦គ្រួសារបន្ថែមទៀត
ហើយស្រូវពូជដែលផ្តល់ជូននេះ គឺជាពូជមានគុណភាពល្អរបស់រាជរដ្ឋាភិបាល
ដែលអាចជួយគាំទ្រដល់ការស្តារផលិតកម្មស្រូវរបស់ប្រជាកសិករឡើងវិញ។
លើសពីនេះ
ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ
និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល
និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន
និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបន្តសាមគ្គីភាព
រួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស
និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
ប្រជាកសិករដែលទទួលបានស្រូវពូជសម្តែងនូវក្តីសោមនស្សរីករាយ
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
និងរដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយជាស្រូវពូជទាន់ពេលវេលា
ដើម្បីជួយសម្រួលដល់ការស្តារការបង្កបង្កើនផល
និងស្តារជីវភាពគ្រួសាររបស់ពួកគាត់ឡើងវិញ៕
Tags:
ព័ត៌មានជាតិ











