ពលរដ្ឋស្នើសុំអាជ្ញាធរមូលដ្ឋាន ជួយរៀបចំសណ្តាប់ធ្នាប់ ខណៈអាជីវករមួយចំនួន យកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ បង្កការកកស្ទះចរាចរណ៍ នៅផ្លូវផ្សារពោធិវង្ស ក្រុងបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ពលរដ្ឋស្នើសុំអាជ្ញាធរមូលដ្ឋាន ជួយរៀបចំសណ្តាប់ធ្នាប់ ខណៈអាជីវករមួយចំនួន យកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ បង្កការកកស្ទះចរាចរណ៍ នៅផ្លូវផ្សារពោធិវង្ស ក្រុងបាត់ដំបង

បាត់ដំបង ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានសម្តែងការព្រួយបារម្ភចំពោះបញ្ហាអាជីវករមួយចំនួន បានយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងដាក់តាំងលក់ទំនិញ និងប្រកបអាជីវកម្ម បណ្តាលឱ្យផ្លូវមានសភាពចង្អៀត និងបង្កការកកស្ទះចរាចរណ៍ ជាពិសេសនៅក្នុងម៉ោងដែលមានចរាចរណ៍មមាញឹក។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើន បានលើកឡើងដូចៗគ្នានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា រយៈពេលកន្លងមកផ្លូវចំណុចខាងមុខផ្សារពោធិវង្ស ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ឆ្ពោះទៅផ្លូវប្រាសាទឯកភ្នំ មានសភាពតូចចង្អៀតបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយឃើញដូច្នេះរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំបានរៀបចំដោះស្រាយបើកនិងចាក់បេតុងយ៉ាងធំទូរលាយហើយ ប៉ុន្តែនៅតែកកស្ទះដដែល ជាពិសេសគឺពេលល្ងាចតែម្តង ព្រោះអាជីវករមួយចំនួនបានរំលោភយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ហើយការយកចំណីផ្លូវសាធារណៈមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួននេះ មិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកដល់អ្នកធ្វើដំណើរ និងអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងមានវិធានការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយណែនាំដល់អាជីវករឱ្យចូលរួមលក់ដូរតាមទីតាំងដែលបានកំណត់ មិនរំលោភយកចំណីផ្លូវសាធារណៈ ដើម្បីធានាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានងាយស្រួល និងរក្សាបាននូវសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង ហើយក៏សូមអំពាវនាវឱ្យអាជីវករទាំងអស់ចូលរួមគោរពច្បាប់ និងសហការជាមួយអាជ្ញាធរ ដើម្បីរួមគ្នាថែរក្សាសម្បត្តិសាធារណៈ និងផលប្រយោជន៍រួមក្នុងសង្គម។

ពាក់ព័ន្ធករណីខាងលើនេះដែរ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់អោយអ្នកយកព័ត៌មានយើងដឹងដែរថា ទីតាំងផ្លូវផ្សារពោធិវង្សហ្នឹង អាជ្ញាធរមានគិតគូរខ្លាំងណាស់កន្លងមកបានបើកពង្រីកផ្លូវអោយធំ ហើយពេលនេះយើងកំពុងរងចាំខាងក្រុមហ៊ុនរៀបចំចាក់ដីនិងថ្មមិចចន្លោះពីផ្លូវបេតុងទៅព្រំដីប្រជាពលរដ្ឋ ព្រោះកន្លងមកយើងជួបគ្រោះទឹកជំនន់រហូតមកដល់ពេលនេះនៅក្នុងសង្កាត់មួយចំនួននៅមិនទាន់ស្ងួតផងព្រោះភ្លៀងនៅតែបន្តមក ហើយសប្ដាហ៍ក្រោយរដ្ឋបាលក្រុងនិងជំរុញអោយក្រុមហ៊ុនចាក់ដីនិងថ្មមិច ហើយរដ្ឋបាលក្រុងនិងរៀបចំដាំកូនឈើកំណត់ ពីព្រំផ្ទះប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋអាចលក់បានត្រឹមកម្រិតណា យ៉ាងយូរពាក់កណ្តាលខែ១១ ឬចុងខែនេះនិងរៀបចំមិនទុកអោយពលរដ្ឋលក់ដូរលើផ្លូវបេតុងដូចមុនទៀតទេ ៕








ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post