បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា
ឆ្នាំ២០២៦ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងសហការី
បានប្រគល់ម៉ាស៊ីនកាត់ស្មៅចំនួន ៦គ្រឿង ជូនរដ្ឋបាលស្រុកមោងឫស្សី
ដើម្បីចូលរួមជួយសម្រួលដល់ការកាត់សម្អាតស្មៅ និងថែទាំស្មៅតាមទ្រូងផ្លូវ
ក្នុងដែនសមត្ថកិច្ចស្រុកមោងឫស្សី។
ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់ថា ការផ្តល់ម៉ាស៊ីនកាត់ស្មៅនេះ
គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលស្រុកមោងឫស្សី
ក្នុងការបង្កើនប្រសិទ្ធភាពការងារថែទាំ និងសម្អាតស្មៅតាមបណ្តោយដងផ្លូវ
ឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់
និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។
រដ្ឋបាលស្រុកមោងឫស្សី បានសម្តែងនូវការអរគុណចំពោះការយកចិត្តទុកដាក់
និងការគាំទ្ររបស់ឯកឧត្តម ព្រួញ រិទ្ធថា និងសហការី
ដែលបានចូលរួមចំណែកជួយដល់ការងារថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងមូលដ្ឋាន ហើយម៉ាស៊ីនកាត់ស្មៅទាំង៦គ្រឿងនេះ
នឹងត្រូវបានប្រើប្រាស់សម្រាប់បម្រើការងារថែទាំ និងកាត់សម្អាតស្មៅតាមទ្រូងផ្លូវនៅក្នុងដែនសមត្ថកិច្ចស្រុកមោងឫស្សី
ឱ្យបានទៀងទាត់ និងមានប្រសិទ្ធភាព ៕
ដោយ ៖ សាលី

