បាត់ដំបង ៖ ឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ
បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងជំនួបនេះដែរ ឯកឧត្តម សុខ លូ
បានជម្រាបជូនប្រតិភូហ្វីលីពីនអំពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច
សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌
ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រឌិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ
។
បន្ថែមពីនេះឯកឧត្តមក៏បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម
ប៉ុន្តែការវិនិយោគលើការកែច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម
ក្នុងន័យនេះឯកឧត្តមបានស្នើភាគីហ្វីលីពីនជួយជំរុញ និងបង្កលក្ខណៈឱ្យវិនិយោគិន
ព្រមទាំងទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ ហើយឯកឧត្តម សង្កត់ធ្ងន់ថា
អង្កររបស់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកជាបន្តបន្ទាប់
គឺជាអង្ករដែលផលិតនៅក្នុងខេត្តបាត់ដំបង។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្ម
សេដ្ឋកិច្ច ការវិនិយោគ
និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសហ្វីលីននិងប្រទេសកម្ពុជា
ជាពិសេសកំណើននៃការនាំចូលអង្ករក្នុងចំនួនច្រើនពីកម្ពុជាទៅកាន់ហ្វីលីពីនក្នុងពេលថ្មីៗកន្លងមកនេះ
ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនហ្វីលីពីនមួយចំនួនបាននិងកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា
ហើយរដ្ឋមន្រ្តីរបស់ប្រទេសហ្វីលីពីនក៏បានជំរុញដល់អ្នកវិនិយោគឱ្យបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា
ជាពិសេសលើវិស័យកសិកម្ម។
ឯកឧត្តម លើកឡើងពីគម្រោងរៀបចំវេទិកាធុរកិច្ចដ៏ធំមួយរវាងហ្វីលីពីន
និងកម្ពុជាដែលនឹងធ្វើឡើងនៅឆ្នាំ២០២៧
ខាងមុខស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន ឯកឧត្តម មើលឃើញថា
ប្រជាពលរដ្ឋហ្វីលីពីនបាននិងកំពុងបំពេញការងារលើវិស័យផ្សេងៗនៅក្នុងខេត្តបាត់ដំបងប្រកបដោយសុខសុវត្ថិភាព
និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន។
ឯកឧត្តម សុខ លូ ជំរុញឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង ឬខេត្តណាមួយនៃប្រទេសហ្វីលីពីនជាមួយខេត្តបាត់ដំបងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
និងទំនាក់ទំនងឱ្យកាន់តែជិតស្និទបន្ថែមទៀត
ហើយរដ្ឋបាលខេត្តបាត់ដំបងរង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ
និងភ្ញៀវទេសចរហ្វីលីពីនមកវិនិយោគ ទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈងាយស្រួលជូនគ្រប់បែបយ៉ាង៕
ដោយ ៖ សាលី












