បន្ទាយមានជ័យ
៖ ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដំណើរការដោយរលូន រដ្ឋបាលខេត្ត
បានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ -សង្កាត់
និងមេភូមិពាក់ព័ន្ធ ដោយផ្អែកលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់
ដែលចេញដោយក្រសួងមហាផ្ទៃ ក្រុមការងារចម្រុះ បានពិនិត្យគូសព្រំប្រទល់រដ្ឋបាលឱ្យត្រូវនិងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដីក្នុងឃុំ-សង្កាត់ទាំង៦៧
ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានឯកភាពគ្នារវាង
រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបាត់ដំបង។
ការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម
ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម រួមនឹងប្រតិអមដំណើរក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ
គណៈអភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តពាក់ព័ន្ធទាំង២មាន ខេត្តបាត់ដំបង
ខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមជាសាក្សី នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។
គូរបញ្ជាក់ថា
ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបានរៀបចំ និងកំណត់ឡើងវិញ
ដោយអនុលោមតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ឆ្នាំ២០០១
ដែលបានចែងថា “ដើម្បីមានមូលដ្ឋានសម្រាប់រៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់
និងគ្រប់គ្រងឃុំ សង្កាត់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញប្រកាសអំពីចំនួន ឈ្មោះ
និងព្រំប្រទល់របស់ឃុំ សង្កាត់ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបាន
៩ខែមុនកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់នាអាណត្តិដំបូងនេះ”។
អនុវត្តតាមស្មារតីនៃច្បាប់នេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ ៤៩៣ ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ស្តីពីការកំណត់ចំនួន ឈ្មោះ និងព្រំប្រទល់ឃុំ សង្កាត់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់នេះត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែព្រំប្រទល់រដ្ឋបាល ឃុំ សង្កាត់មួយចំនួនត្រូវបានធ្វើការកែប្រែជាបន្តបន្ទាប់ ស្របតាមការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងតម្រូវការ ជាក់ស្តែងរបស់មូលដ្ឋាន ស្របតាមច្បាប់ជាធរមាន ៕











