បន្ទាយមានជ័យ ៖
ហេតុការគ្រោះថ្នាក់ចរាចរនៅចំនុចផ្លូវបំបែកវែងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យស្ថិតនៅភូមិព្រែករពៅឃុំឬស្សីក្រោកស្រុកមង្គលបូរី
រវាងរថយន្តដឹកទំនិញបុករថយន្តធុនតូចបណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់កាលពីវេលាម៉ោង
១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ
មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A2046
ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន
ដោយមានគោលដៅដឹកទំនិញយកទៅដាក់ឱ្យអតិថិជននៅឃុំអូរបីជាន់។
លុះមកដល់ចំណុចផ្លូវបំបែកកើតហេតុខាងលើ ក៏បានបុកក្បាលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស
ដូចគ្នា ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AY2356 ដែលមានមនុស្សចំនួន
៤នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង គោលដៅពីខេត្តបន្ទាយមានជ័យទៅកាន់ស្រុកបវេល
ដែលបណ្តាលឱ្យរថយន្តប្រភេទទេសចរណ៍ធុនតូចរងការខូចផ្នែកខាងមុខធ្ងន់ធ្ងរ។ចំណែករថយន្តដឹកទំនិញរងការខូចស្រាលនៅផ្នែកខាងមុខ។
តែអ្វីដែលសំខាន់ហេតុការនេះបណ្តាលអោយរងបួសដល់អ្នកជិះរថយន្តធុនតូចចំនួន៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះដល់ទីតាំងកើតហេតុជាធ្វើការវាស់វែង
និងស្រាវជ្រាវកំណត់មូលហេតុនៃគ្រោះថ្នាក់។ បច្ចុប្បន្ន
រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។





