បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត
បាននាំគ្នាចុះសម្អាតអនាម័យបរិស្ថាន
និងផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
ដែលការងារនេះដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
និងមានការចូលរួមពីកម្លាំងទាំងបី មន្ត្រីបរិស្ថាន យុវជនគណបក្ស អាជ្ញាធរភូមិ
សង្កាត់-ក្រុង ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង300នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី8 ខែកក្តដា ឆ្នាំ 2026 នៅតាមដងផ្លូវជាតិលេខ5ពីចំណុចភ្លើងស្តុបផ្សារកណ្តាល
ដល់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
មានប្រសាសន៍ថា ការសម្អាតអនាម័យបរិស្ថាន រើសសំរាម បោសសំអាតផ្លូវថ្នល់
និងការផ្សព្វផ្សាយជាប្រចាំ គឺក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ
តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ
អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរអំពីការសម្អាតអនាម័យបរិស្ថាន
ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាមជាដើម។
លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាន
កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន សួនច្បារ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ
រោងចក្រសហគ្រាស ទីផ្សារ សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម
និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព
មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធាររណជន ដែលជាម្ចាស់ផ្ទះ ម្ចាស់ហាង ម្ចាស់សហគ្រាសទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ត្រូវទុកដាក់សំរាមក្នុងធុងសំរាម។ គឺយើងទាំងអស់គ្នាថែរក្សាក្រុងប៉ោយប៉ែតយើងឲ្យមានសោភ័ណភាព បរិស្ថានល្អ និង អនាម័យខ្ពស់ទាំងអស់គ្នា៕









