បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៥នាក់បានរងរបួសធ្ងន់
ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ០៧និង៣០នាទី
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិអណ្តូងចេញ
សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក CLICK ពណ៌ខ្មៅមួយគ្រឿង មិនមានផ្លាកលេខ
បើកបរដោយស្ត្រីម្នាក់ដឹកក្មេងប្រុសសិស្សសាលា០២នាក់ ទិសដៅពីលិចទៅកើត
លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវមិនស៊ីញ៉ូ
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AW-3397 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទិសដៅពីលិចទៅកើត
ស្របទិសគ្នា បានជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូ CLICK រងរបួសធ្ងន់ស្រាល០៣នាក់
និងភាគីខាងម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ស្រាល០២នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី


