បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកភ្នំស្រុក
បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិស្វាយស ឃុំពន្លៃ
ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្មើនឹង ៤ ០០៤ បណ្ណ ។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះធ្វើឡើង
ក្រោមវត្តមានលោក លៀម សុដា អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី
អភិបាល នៃគណៈអភិបាលខេត្ត ប្រារព្ធធ្វើឡើង នៅវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ឱ្យដឹងថា
មុនពេលចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បងប្អូន
ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី គឺត្រូវឆ្លងកាត់៥ដំណាក់កាល ។ ហេីយលោកក៏បាន
ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីនីមួយៗ
ដែលមានការចូលរួមកិច្ចសហការល្អជាមួយក្រុមការងារ
ជាហេតុធ្វើឱ្យដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ អាចប្រព្រឹត្តិទៅ បានដល់ទីបញ្ចប់
និង ឈានដល់ដំណាក់កាល នៃការចែកជូននូវបណ្ណសម្គាល់កម្មសិទ្ធិស្របច្បាប់ជូនបងប្អូន។
ក្នុងនាមរដ្ឋបាលខេត្ត លោក លៀម សុដា អភិបាលរងខេត្ត
ក៏បានថ្លែងអំណរគុណចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដែលបង្កើតអោយមានការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ដែលជាការរួមចំណែកក្នុងការ
ធ្វើឱ្យមានសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់
និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ
ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់អណត្តិទី៧នេះ។
ជាមួយនេះដែរ លោក
ក៏អរគុណដល់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់និងសុរិយោដីខេត្ត
ដែលបានខិតខំធ្វើការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋយ៉ាងមមាញឹក ទទួលបានលទ្ធផលល្អ
និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី០ ខែមេសា ឆ្នាំ២០២៦។ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕









