ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈផេកហ្វេសប៊ុកផ្លូវការណ៍របស់សម្តេច បានបង្ហោះសាររំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបានដាក់បទបញ្ជាឲ្យរដ្ឋមន្ត្រីយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិស្រាវជ្រាវឲ្យឃើញអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ យកមកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ។
ខ្លឹមសារទាំងស្រុង
“ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី២៧
ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន
៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។
ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ
មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ
អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
ជាដំបូង
ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។
ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត
រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ
ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ
ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់
ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
ក្នុងពេលជាមួយគ្នានេះដែរ
ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់
និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ
ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។
ខ្ញុំសូមរំលឹកឡើងវិញផងដែរ
ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ
និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង
ដូចបានអនុវត្តនៅពេលកន្លងមក។
គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត
ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត
ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។”








