បាត់ដំបង ៖ កាលពីថ្ងៃទី០១ ខែតុលា
ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការកាតព្វកិច្ចយោធាខេត្ត
បានអញ្ជើញដឹកនាំលោកមេបញ្ជាការរង ប្រធានមន្ទីរ នាយ នាយរងការិយាល័យ
ចុះត្រួតពិនិត្យការចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦
នៅខេត្តបាត់ដំបង។
ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី
បានពិនិត្យមើលដំណើរការចុះឈ្មោះ និងការបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
ដោយមានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ
បានស្ម័គ្រចិត្តមកបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦
នៅតាមទីតាំងទទួលពាក្យនិងដាក់ពាក្យតាមបណ្តាក្រុង/ស្រុកទាំង១៤។
ការចូលរួមដោយស្ម័គ្រចិត្តរបស់យុវជន និងប្រជាពលរដ្ឋទាំងពីរភេទ
ក្នុងការចុះឈ្មោះបំពេញកាតព្វកិច្ចយោធា
បានបង្ហាញពីការចូលរួមចំណែកក្នុងការអនុវត្តកាតព្វកិច្ចរបស់ពលរដ្ឋ
និងការចូលរួមការពារជាតិមាតុភូមិ។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី បានណែនាំដល់ក្រុមការងារ
និងអ្នកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់អនុវត្តការងារឱ្យបានត្រឹមត្រូវតាមនីតិវិធី
និងធានាឱ្យដំណើរការចុះឈ្មោះ និងការជ្រើសរើសប្រព្រឹត្តទៅដោយមានរបៀបរៀបរយ តម្លាភាព
និងប្រសិទ្ធភាព។
ការចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦នេះ
គឺជាផ្នែកមួយនៃការអនុវត្តកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ និងការចូលរួមរបស់យុវជនក្នុងវិស័យការពារជាតិ
៕
ដោយ ៖ សាលី





